សង្គម

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យកម្ពុជា-នូវែលសេឡង់ បន្ដសហការគ្នាលើវិស័យសំខាន់ ដែលមានសក្កានុពលដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ

image


ភ្នំពេញ៖នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះ លោកស្រី រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានសម្ដែងក្តីសង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី នឹងចូលរួមចំណែកជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសជំនួបនេះលោកស្រី បានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-នូវែលសេឡង់ ដែលកំពុងតែឈានទៅមុខយ៉ាងល្អ។ លោកស្រី បានការកោតសរសើរចំពោះវឌ្ឍនភាព ភាពរីកចម្រើនរបស់កម្ពុជា ដោយលោកស្រី បានរំលេចថាកាលពី២០ឆ្នាំមុនលោកស្រីបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយនឹងស្វាមីម្ដងហើយ ហើយ ២០ឆ្នាំក្រោយបានមកដល់ប្រទេសកម្ពុជាសារជាថ្មី។

លោកស្រី បង្ហាញការភ្ញាក់ផ្អើលចំពោះការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់កម្ពុជាដោយបានលើកឡើងថាកម្ពុជាគឺមានភាពធុនខ្លាំងណាស់ដែលគួរឲ្យកោតសរសើរ។
បន្ថែមពីនេះនៅក្នុងក្របខណ្ឌនៃកិច្ចការរវាងប្រទេសទាំងពីរលោកជំទាវបានលើកឡើងថា នូវែលសេឡង់ តែងតែជួយដល់កម្ពុជានៅពេលកន្លងមកជាពិសេសគឺការបោះសម្អាតមីន និងការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ១០០០នាក់បានទៅសិក្សានៅក្នុងប្រទេសនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី ជាពិសេសគឺទំនាក់ទំនងរវាងកម្ពុជានិងនូវែលសេឡង់ ហើយសម្ដេចបានអរគុណនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានៅពេលកន្លងមកជាពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា។

ទន្ទឹមនឹងនេះចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរសម្ដេចក៏បានលើកទឹកចិត្ដឲ្យរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរសិក្សាជាមួយគ្នាទៅលើចំណុចណាដែលអាចមានសក្កដានុពលនៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងនូវែលសេឡង់ កាន់តែរីកចម្រើន ស្របជាមួយគ្នានេះសម្ដេចបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរសម្ដេចបានសម្ដែងនៅក្តីរីករាយនៅពេលដែលឃើញពាណិជ្ជកម្មរវាងកម្ពុជានិងកាន់តែកើនឡើងបើទោះបីជាមានចំនួនតិចក៏ប៉ុន្តែមានការកើនឡើងហើយសម្ដេចក៏ចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង