រាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
ភ្នំពេញ៖ រាជរដ្ឋាបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង និងឥន្ធនៈ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបានចេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងនោះសេចក្តីប្រកាសបានបញ្ជាក់ថា ដោយកម្ពុជា បាននិងកំពុងបន្តជួបពហុវិបត្តិដែលកើតមានឡើងជាបន្តបន្ទាប់ រួមមានការផ្លាស់ប្តូរ របបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និងការ រំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា, និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលផ្តល់ កម្មវិបាកអវិជ្ជមានដល់ការផ្គត់ផ្គង់ថាមពលសកល ជាដើម, រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធី អន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹង ជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់ រយៈពេលខ្លី និងមធ្យមខាងមុខ”។ ផ្អែកតាមកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ និងឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និង “គោលការណ៍សមធម៌សង្គម”, រាជរដ្ឋាភិបាលបានគិតគូរដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និង ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ដែលរងកម្មវិបាកពីពហុវិបត្តិទាំងនេះ ជាពិសេសការឡើងថ្លៃ ប្រេង និងឧស្ម័នឥន្ធនៈ តាមរយៈការដាក់ចេញឱ្យអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូន គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ”។
តាមរយៈកម្មវិធីអន្តរាគមន៍នេះ គ្រួសារគោលដៅនីមួយៗ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ចំនួន ៤ (បួន) លើក ដោយក្នុង ១លើកៗ តាមកម្រិត ដោយក្រុមគោលដៅរាជធានីភ្នំពេ (គ្រួសារ)ទទួលបាន៦០ ០០០ រៀល,សមាជិកគ្រួសារក្នុងម្នាក់ ៥ ០០០ រៀល,ទីប្រជុំជនក្រៅ រាជធានីភ្នំពេញ (គ្រួសារ) ទទួលបាន ៤៨ ០០០ រៀល ,សមាជិកគ្រួសារក្នុងម្នាក់ ៥ ០០០ រៀល,ទីជនបទ (គ្រួសារ) ៤០ ០០០ រៀល, សមាជិកគ្រួសារក្នុងម្នាក់ ៥ ០០០ រៀល ការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភទាំង ៤លើក នឹងធ្វើឡើងតាមកាលបរិច្ឆេទ លើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
បច្ចុប្បន្ន ក្រសួងផែនការបានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅ រួចរាល់ ហើយមូលនិធិជាតិ ជំនួយសង្គម ក៏បាន និងកំពុងរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមកាលបរិច្ឆេទខាងលើ។ ក្នុងន័យនេះ, គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណ អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី១ ពីបញ្ហារវីង (WING) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។
សូមរម្លឹកថា, កន្លងមករាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែបានគិតគូរ និង យកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈ ការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា៖ (១) កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, និង (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹកដោយសារជម្លោះព្រំដែន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នឹងបន្តយកចិត្តទុកដាក់ តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏ដូចជា ត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានា ក្នុងករណីចាំបាច់ ដើម្បីផ្តល់ការគាំទ្រដល់ ពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងស្របតាម “គោលការណ៍ណែនាំស្តីពីក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធី គោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអាជ្ញាធរឃុំ-សង្កាត់ដែលនៅជិតផ្ទះបងប្អូន ឬមូលនិធិជាតិ ជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨៕
អត្ថបទ៖ ហ៊ន សុភ័ក្រ