ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

image

សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។

ពិធីបើកសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអញ្ជើញជាអធិបតីដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

សន្និសីទនេះ មានការចូលរួមពីសំណាក់រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចែករំលែកបទពិសោធន៍និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាសកល។

ជាមួយគ្នានេះវេទិកាក៏មានការពិភាក្សាតាមប្រធានបទដូចជា៖ការឆ្លើយតបក្នុងតំបន់ និងសាកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,បច្ចេកវិទ្យា ការបង្ការ និងភាពធន់នៃប្រព័ន្ធសាយប័រ និងកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅខាងមុខ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត