សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវជាថ្មីម្តងទៀតឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង,ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា”ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពាន អធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាព ដ៏ទូលំទូលាយដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នា ថែរក្សា និងការពារឱ្យបានដាច់ខាត។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀត ឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្តារសន្តិភាពនៅតាមព្រំដែន ក៏ដូចជា ការរួមរស់ប្រកបដោយភាពសុខដុមនៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ”។
ការអំពាវនាវបែបនេះតាមរយះសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ ស្មើភាព ដោះស្រាយវិវាទដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង ដើម្បី ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន”។
ជាមួយគ្នានេះសម្តេចធិបតីក៏សូមឱ្យកម្លាំងសាមគ្គីភាពរបស់យើង ក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ សូមឱ្យសន្តិភាពបើកផ្លូវ និងបង្កើត នូវលក្ខខណ្ឌអំណោយផលសម្រាប់វិបុលភាពរួម ហើយសូមឱ្យច្បាប់អន្តរជាតិ នៅតែជាសសរទ្រទ្រង់ដ៏រឹងមាំក្នុងការរក្សា និងកសាងសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូល៕