ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព កំពុងចុះយកព័ត៌មានអតីតទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ​ និងបណ្តាខេត្ត

image

ភ្នំពេញ៖​ អ្នកសារព័ត៌មាន​ចំនួន​ ៧៤រូប​ មកពី​ ៣៩អង្គភាព​ ក្នុងនោះស្ថាប័នជាតិ​ ១៩ស្ថាប័ន​ ដែលមានអ្នកកាសែតចំនួន​ ៣៥រូ​ប​ និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ​ ២០អង្គភាព ដែលមានអ្នកកាសែត​ ៣៩រូប​ កំពុងចុះយកព័ត៌មានអតីតទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams)​ នៅខេត្តព្រៃវែង​ ស្វាយរៀង​ និងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៦​ ដែលដឹកនាំដោយក្រសួងព័ត៌មាន។

ការចុះយកព័ត៌មានរបស់អ្នកព័ត៌មានមកពីស្ថាប័នជាតិ​ និងអន្តរជាតិដ៏ច្រេីននេះ​ គឺមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ»​ ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។

សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)​ គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន​ ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព៕