ស្ថានទូតកូរ៉េខាងត្បូង បានរៀបចំការសម្តែងសិល្បៈវប្បធម៌ពិសេស «The Film Delivery Man» នៅសាលសន្និសីទចតុមុខ ដោយមានការគាំទ្រពីក្រសួងវប្បធម៌កម្ពុជា
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំការសម្តែងសិល្បៈវប្បធម៌ពិសេស «The Film Delivery Man» នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រមាណ ៤០០នាក់ ក្រោមវត្តមានលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសមាជិកសហគមន៍កម្ពុជា និងកូរ៉េ តំណាងសមាគមវប្បធម៌ និងមិត្តភាព ព្រមទាំងសមាជិកសហគមន៍ការទូត និងអន្តរជាតិប្រចាំកម្ពុជា។
ការសម្តែងដែលរៀបចំដោយក្រុម Team ICUVE មកពីសាធារណរដ្ឋកូរ៉េ មានរយៈពេលប្រមាណ ៦០នាទី ដោយរួមបញ្ចូលសិល្បៈវេទមន្ត ការរាំ Breakdance និងតន្ត្រី ក្នុងទម្រង់ច្នៃប្រឌិតមួយ។ ការរួមបញ្ចូលសិល្បៈចម្រុះនេះ បានផ្តល់នូវបទពិសោធន៍វប្បធម៌ថ្មី និងងាយស្រួលទទួលយកសម្រាប់ទស្សនិកជនគ្រប់ជំនាន់ និងគ្រប់មជ្ឈដ្ឋាន។
ក្នុងសុន្ទរកថាស្វាគមន៍ លោក KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា កន្លងមក ស្ថានទូតបានណែនាំទិដ្ឋភាពផ្សេងៗនៃវប្បធម៌កូរ៉េជូនទស្សនិកជនកម្ពុជា តាមរយៈកម្មវិធីវប្បធម៌ជាច្រើន ដូចជា ការសម្តែងក្បាច់គុនតេក្វាន់ដូ និងតន្ត្រីប្រពៃណីកូរ៉េ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការសម្តែង «The Film Delivery Man» ត្រូវបានរៀបចំឡើង ដើម្បីនាំមកនូវបទពិសោធន៍វប្បធម៌ក្នុងទម្រង់ថ្មីមួយទៀត។
លោកឯកអគ្គរដ្ឋទូត KIM Chang Yong ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ ក្នុងការនាំមនុស្ស និងទស្សនៈផ្សេងៗឱ្យកាន់តែខិតជិតគ្នា ព្រមទាំងបង្ហាញក្តីសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាឱកាសមួយទៀតសម្រាប់អបអរសាទរចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងកូរ៉េ និងបង្កើតអនុស្សាវរីយ៍ និងទំនាក់ទំនងថ្មីៗតាមរយៈវប្បធម៌។
ព្រឹត្តិការណ៍នេះក៏ធ្វើឡើងក្នុងពេលវេលាដ៏មានអត្ថន័យសម្រាប់ទំនាក់ទំនងកម្ពុជា-កូរ៉េ ខណៈប្រទេសទាំងពីរកំពុងឈានទៅរកព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ នៅឆ្នាំ២០២៧ ខាងមុខ កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួប៣០ឆ្នាំ នៃការស្តារទំនាក់ទំនងការទូតឡើងវិញ។
ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក ប្រទេសទាំងពីរបានបន្តពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យជាច្រើន ហើយបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤។ ក្នុងនោះ ការផ្លាស់ប្តូរវប្បធម៌ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើតឱកាសបន្ថែមទៀតសម្រាប់ទស្សនិកជនកម្ពុជាបានស្វែងយល់ និងទទួលយកភាពចម្រុះ និងភាពច្នៃប្រឌិតនៃវប្បធម៌កូរ៉េ៕