អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិស័យឯកជនចាប់យកឱកាសពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជំរុញឱ្យវិស័យឯកជន និងក្រុមហ៊ុនទាំងអស់ ចាប់យកឱកាសពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ដើម្បីផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់កម្ពុជា ទៅកាន់មេដឹកនាំ និងធុរជនអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
ការជំរុញនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារវីងថៅវ័រ។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា នៅខែវិច្ឆិកាខាងមុខ កម្ពុជានឹងមានព្រឹត្តិការណ៍ដ៏ធំ គឺមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង និងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសនិយាយភាសាបារាំងប្រមាណជិត ៦០ប្រទេស។
អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាឱកាសសំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយឱ្យសហគមន៍អន្តរជាតិបានស្គាល់កាន់តែច្បាស់ពីសក្តានុពលរបស់កម្ពុជា ព្រមទាំងឱកាសធុរកិច្ច និងវិនិយោគដែលមាននៅក្នុងប្រទេស។
អ្នកឧកញ៉ា បានអំពាវនាវដល់ក្រុមហ៊ុន និងវិស័យឯកជនទាំងអស់ ឱ្យខិតខំចាប់យកឱកាសនេះ ដើម្បីផ្សព្វផ្សាយផលិតផល សេវាកម្ម និងសក្តានុពលធុរកិច្ចរបស់ខ្លួន ខណៈកម្ពុជានឹងទទួលបានការចាប់អារម្មណ៍ពីមេដឹកនាំ និងធុរជនអន្តរជាតិជាច្រើន។
ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសាមគ្គី និងសហការរវាងវិស័យឯកជន ដោយអំពាវនាវឱ្យធុរជនចេះជួយគ្នា ជំរុញគ្នា និងលើកតម្កើងគ្នា ដើម្បីប្រយោជន៍រួមរបស់ប្រទេសកម្ពុជា។
អ្នកឧកញ៉ា បានថ្លែងថា វិស័យឯកជនគួររួមគ្នាជាធ្លុងមួយ និងសហការធ្វើការជាមួយគ្នា ជាជាងបែកបាក់គ្នាបង្កើតជាក្រុមផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន ក្រោមក្របខណ្ឌសភាពាណិជ្ជកម្មកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
តាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តឱ្យវិស័យឯកជនប្រើប្រាស់ឱកាសនេះឱ្យបានពេញលេញ ដើម្បីបង្ហាញពីវប្បធម៌ ផលិតផល សេវាកម្ម សក្តានុពលសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចរបស់កម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិ និងបណ្តាដៃគូធុរកិច្ចមកពីប្រទេសនិយាយភាសាបារាំង។
សូមជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ រួមមាន៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨, ការតាំងភូមិវប្បធម៌ហ្វ្រង់កូហ្វូន (នៅមុខវត្តបទុមវតី) និងពិព័រណ៍បច្ចេកវិទ្យា-សេដ្ឋកិច្ច FrancoTech (នៅមជ្ឈមណ្ឌលកោះពេជ្រ)៕
រូបភាព៖ អ៊ុន ផាន់ណាត់ និងលឹម មុនី