អ្នកឧកញ៉ា គិត ម៉េង សង្ឃឹមថា សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញថ្មីទាំង ៧រូប នឹងខិតខំជួយដោះស្រាយបញ្ហាប្រឈមជូនពាណិជ្ជករ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបង្ហាញក្តីសង្ឃឹមថា សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងខិតខំបំពេញការងារ និងសម្រួលបញ្ហាប្រឈមនានារបស់ពាណិជ្ជករ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។
ការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង បែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងបោះឆ្នោតជ្រើសរើសបង្គ្រប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារវីងថៅវ័រ ដោយសមាជិកជ្រើសតាំងទាំង ៧រូប ទទួលបានការគាំទ្រយល់ព្រមចំនួន ៩០សំឡេង។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា មកពីទូទាំងរាជធានី-ខេត្តទូទាំងប្រទេសផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា អ្នកឧកញ៉ា និងសមាជិកសភាពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា សមាជិកជ្រើសតាំងថ្មីទាំង ៧រូប នឹងខិតខំបំពេញតួនាទី ដើម្បីជួយសម្រួលការងាររបស់ពាណិជ្ជករ និងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ ព្រមទាំងពង្រឹងសមត្ថភាពប្រទេសជាតិ។
អ្នកឧកញ៉ាប្រធាន បានបញ្ជាក់ថា ការរៀបចំដំណើរការបោះឆ្នោតនេះ គឺជាផ្នែកមួយនៃការពង្រឹងស្ថិរភាព និងសមត្ថភាពរបស់សភាពាណិជ្ជកម្ម ដើម្បីឱ្យថ្នាក់ដឹកនាំ និងសមាជិកអាចបន្តចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយរលូន។
អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការ និងក្រុមការងារសភាពាណិជ្ជកម្ម ដែលបានរៀបចំការបោះឆ្នោតក្នុងរយៈពេលខ្លី និងប្រមូលសមាជិកពាណិជ្ជកម្មមកចូលរួមយ៉ាងសកម្ម។ អ្នកឧកញ៉ា ប្រធាន បានចាត់ទុកសមាជិកជ្រើសតាំងថ្មីទាំង ៧រូបថា ជាធុរជនវ័យក្មេង និងមានបទពិសោធន៍ ដែលអាចចូលរួមជួយសភាពាណិជ្ជកម្ម និងប្រទេសជាតិឱ្យមានការរីកចម្រើន។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញការដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុង និងនាំមកនូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើន ប្រទេសកម្ពុជានៅតែប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ដែលបាន និងកំពុងជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះ ជាយ៉ាងណា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជំនះឧបសគ្គ និងបញ្ហាប្រឈមនានា ដើម្បីបន្តដឹកនាំប្រទេសឱ្យសម្រេចបាននូវការអភិវឌ្ឍ និងរីកចម្រើនកាន់តែខ្លាំងឡើង។
ជាមួយគ្នានេះ អ្នកឧកញ៉ា ជាម ឃុនណាត ដែលតំណាងឱ្យសមាជិកជ្រើសតាំងថ្មីទាំង ៧រូប បានប្តេជ្ញាចូលរួមសកម្មភាពជាមួយសភាពាណិជ្ជកម្ម និងខិតខំបំពេញការងារតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម។
អ្នកឧកញ៉ា ជាម ឃុនណាត បានលើកឡើងថា ការជាប់ឆ្នោតនេះ មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់សមាជិកជ្រើសតាំងថ្មីទាំង ៧រូប ក្នុងការចូលរួមបំពេញការងារ និងជួយសភាពាណិជ្ជកម្មឱ្យសម្រេចបាននូវភារកិច្ចរបស់ខ្លួន។
អ្នកឧកញ៉ា ជាម ឃុនណាត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសភាពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានខិតខំរៀបចំ និងសម្របសម្រួលដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលូន។
សូមជម្រាបថា សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប ដែលបានឈរឈ្មោះ និងទទួលបានការគាំទ្រក្នុងការបោះឆ្នោត រួមមាន អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា តេង ហឿង, អ្នកឧកញ៉ា អ៊ឹង លីហេង, លោកជំទាវ ភឹម សំភ័ស, អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងអ្នកឧកញ៉ាបណ្ឌិត អន ប៊ុនហាក់។
សភាពាណិជ្ជកម្មកម្ពុជា គឺជាលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជននៃវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការសម្រាប់សម្របសម្រួល និងជំរុញការអភិវឌ្ឍវិស័យឯកជន ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងតភ្ជាប់កម្ពុជាជាមួយទីផ្សារអន្តរជាតិ។
បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា ក៏បានចូលរួមសហការជាមួយបណ្តាក្រុមប្រឹក្សាធុរកិច្ច និងអង្គការធុរកិច្ចក្នុងតំបន់ និងអន្តរជាតិ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់វិស័យឯកជន និងស្វាគមន៍ធុរជន និងវិនិយោគិនពីទូទាំងពិភពលោក មកស្វែងរកឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត់