សម្ដេចធិបតី ៖ការបង្កើតរោងចក្រសហគ្រាសនៅប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ ដល់កូនខ្មែរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ការបង្កើតរោងចក្រសហគ្រាសនៅប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ ការបណ្តុះបណ្តាលជំនាញលើវិស័យទាំងនោះដល់កូនខ្មែរ"។ សម្តេចបានបន្តថា រោងចក្រសហគ្រាសដែលមានវត្តមាននៅកម្ពុជា ចាំបាច់ណាស់បណ្តះុបណ្តាលជំនាញដល់បុគ្គលិកខ្មែរ ដើម្បីឲ្យសង្វាក់ផលិតកម្មរបស់ខ្លួនកាន់តែរីកចម្រើន ។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឹរឹង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
សូមជម្រាបថា វិស័យឧស្សាហកម្មកម្ពុជា, គិតត្រឹមខែ កក្កដា ឆ្នាំ ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានចំនួន ៣ ៣៥៧ រោងចក្រ ស្ថិតនៅក្នុងរាជធានី-ខេត្តទាំង២៥, ក្នុង នោះ វិនិយោគផ្នែកកម្មន្តសាលមានចំនួន ២៤ ជំពូក, ស្មើនឹង ១០៧ ចំណាត់ថ្នាក់ ឧស្សាហកម្ម ។ ប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ១,៣៦ លាននាក់, ក្នុងនោះ ស្រីជាង ៩៥ ម៉ឺននាក់, ស្មើនឹង ៧០,១៥% ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី