សង្គម

ជាង៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-មីយ៉ាន់ម៉ា មិនដែលមានភាពល្អក់កករជាមួយគ្នាឡើយ ខណៈក្នុងជំនួបកំពូល ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្ដោតសំខាន់ លើទំនាក់ទំនងការទូត សេដ្ឋកិច្ច និងទេសចរណ៍

image


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល កម្ពុជា-មីយ៉ាន់ម៉ា បានទទួលស្គាល់ថាទំនាក់ទំនងប្រទេសទាំងពីរ គឺមិនដែលមានភាពល្អក់កករជាមួយគ្នាឡើយ ខណៈទំនាក់ទំនងការទូតផ្លូវការមានរយៈពេល៧០ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ១៩៥៥។
ការទទួលស្គាល់បែបនេះ ធ្វើឡើងនាឱកាសជំនួបកំពូលរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងលោក មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលជំនួបកំពូលរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ថាភាគីទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា បានជជែកគ្នាលើទំនាក់ទំនងទ្វេរភាគី និងបានចែករំលែកទស្សនទៅវិញទៅមក ក្នុងបរិយាសដ៏ល្អបំផុត។

ក្នុងជំនួបកំពូលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចាត់ទុកវត្ដមានរបស់លោក មីន អោងឡាំង មកកាន់កម្ពុជានៅពេលនេះគឺជាផ្នែកដ៏សំខាន់មួយនៃការជំរុញមិត្ដភាពរវាងប្រទេសតទាំងពីរ។ កម្ពុជា-មីយ៉ានម៉ា មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាអស់រយ:ពេលជាង៧ទស្សវត្សរ៍ មកហើយ ពោលតាំងពីឆ្នាំ១៩៥៥ ប្រទេសទាំងពីរបានទទួលស្គាល់ថាទំនាក់ទំនងប្រទេសទាំងគឺមិនដែលមានភាពល្អក់កករជាមួយគ្នាឡើយ។កាលពីឆ្នាំ២០២៥ កន្លងទៅប្រទេសទាំងពីរបានប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ដែលបានធ្វើសកម្មភាពជាច្រើនដើម្បីរុញច្រានទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំ និងរីកចម្រើន។

ស្របជាមួយគ្នានេះ ប្រធានាធិបតី មីយ៉ាន់ម៉ា នៅពេលមកដល់ប្រទេសកម្ពុជាភ្លាម បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់កម្ពុជា ដោយលោកបានប្រៀបធៀបថាកាលពី៩ឆ្នាំមុនដែលបានមកកម្ពុជា និងពេលនេះលោកមកម្ដងទៀតបានឃើញពីភាពខុសប្លែកគ្នាយ៉ាងខ្លាំង ពិសេសរាជធានីភ្នំពេញ គឺមានការរីកចម្រើនយ៉ាងអស្ចារ្យ។

នាឱកាសជំនួបកំពូលនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ជាមួយគ្នាក្នុងការពង្រីកទំនាក់ទំនងកម្ពុជា-មីយ៉ានម៉ាឲ្យកាន់តែរីកចម្រើនដែលផ្ដោតលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ប្រជាជននិងប្រជាជន ទេសចរណ៍ ជាដើម។
ក្នុងក្របខណ្ឌនយោបាយ ភាគីទាំងពីរ ទទួលស្គាល់ថា ក្នុងក្រមខណ្ឌនិតិប្រតិបត្ដិ និងក្រមខណ្ឌនិតិបញ្ញត្ដិ ត្រូវតែដើរទន្ទឹមគ្នាដើម្បីញ៉ាំងទំនាក់ទំនងឲ្យកាន់តែរឹងមាំ ហើយប្រទេសទាំងពីរ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើជាមួយគ្នាក្នុងក្រមខណ្ឌនិតិបញ្ញត្ដិ ស្របជាមួយគ្នា ក្នុងក្របខណ្ឌនីតិប្រតិបត្ដិ លោក មីន អោងឡាំង ក៏នឹងមានជំនួបសំខាន់ជាមួយសម្ដេចធិបតីហ៊ុន ម៉ាណែត ដោយគ្រោងនឹងមានការចុះកិច្ចព្រមព្រៀងចំនួន៤ជាមួយគ្នាផងដែរ។

ជុំវិញពាណិជ្ជកម្មវិញ ភាគីទាំងពីរបានលើកឡើងថាចង់ឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងបន្ថែមទៀត។
ប្រធានាធិបតី មីយ៉ាន់ម៉ា បានលើកឡើងថា លោកចង់ឃើញអ្នកវិនិយោគកម្ពុជាកាន់តែច្រើនទៅបណ្ដាក់ទុកវិនិយោគនៅប្រទេសមីយ៉ាន់ម៉ាឲ្យកាន់តែច្រើន។ បន្ថែមពីនេះ លោកនៅតែបន្ដគាំទ្រសម្ដេចតេជោ ជុំវិញគំនិតផ្ដួចផ្ដើមបង្កើតសមាគមបណ្ដាប្រទេសអ្នកនាំចេញអង្ករឲ្យលេចជារូបរាងឡើង។

ទន្ទឹមនឹងនេះភាគីទាំងពីរ គឺប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នា និងមានវប្បធម៌ស្រដៀងគ្នាប្រទេសទាំងប្ដេជ្ញារួមបង្កើនភាពជិតស្និត និងជុំរុញការផ្លាស់ប្ដូរប្រជាជន-ប្រជាជន ឲ្យកាន់តែសកម្មដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

បន្ថែមពីនេះ ថ្នាក់ដឹកនាំកម្ពុជា-មីយ៉ាន់ម៉ា ក៏បានផ្លាស់ប្ដូរយោបល់គ្នា ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង