សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស
អត្ថបទ៖ ហ៊ន សុភ័ក្រ
---------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ។ ការអំពាវនាវនេះតាមរយៈសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាស រៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាព ឬជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រ ប្រកបដោយសមធម៌ និងបរិយាបន្ន។
សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដាឬយន្តការចាំបាច់នានា ដើម្បីពង្រីក វិសាលភាពនៃកម្មវិធីអក្ខរកម្ម សំដៅលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈផ្នែក ឌីជីថល បច្ចេកវិទ្យាព័ត៌មាន ជាពិសេសកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិច ឱ្យកាន់តែ សម្បូរបែបដល់ប្រជាជនគ្រប់រូប គ្រប់វ័យ ដោយមិនរើសអើងជាតិសាសន៍ ភាសា និងវប្បធម៌ ក្នុងគោលបំណង ជួយពួកគាត់ឱ្យមានចំណេះដឹង មានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញទន់និងជំនាញរឹង ដើម្បីជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពធន់ និងបរិយាបន្ន៕