សង្គម

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

image


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានដឹកនាំកិច្ចប្រជុំលើកទី៧ របស់គណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកនៃគណៈកម្មការ។

អង្គប្រជុំ បានបន្តពិនិត្យលើវឌ្ឍនភាពការងារ និងបានពិភាក្សាលើការងារដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធការងារខ្លឹមសារ ការផ្សព្វផ្សាយ ពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងការងារសន្តិសុខ។ អង្គប្រជុំក៏បានពិភាក្សាអំពីដំណោះស្រាយ និងការឆ្លើយតបចំពោះហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ដើម្បីត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុងតំបន់ និងសកលលោក៕