កម្ពុជា-ចិន អបអរសាទរមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា ក្រោមប្រធានបទ៖ កេរដំណែលមាតុភូមិ ការចែករំលែកភាពស្រស់ស្អាត ដើម្បីលើកស្ទួយវប្បធម៌រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ កម្ពុជា-ចិន សហការរៀបចំពិធីអបអរសាទរមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា ក្រោមប្រធានបទ៖ កេរដំណែលមាតុភូមិ ការចែករំលែកភាពស្រស់ស្អាត ដើម្បីលើកស្ទួយវប្បធម៌រវាងប្រទេសទាំងពីរ ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបង្ហាញជូននូវការតាំងពិព័រណ៍វប្បធម៌ដ៏ធំអស្ចារ្យ ដែលកម្មវិធីនេះបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ។
ពិធីត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅហ្វេកតូរី ភ្នំពេញ ក្រោមវត្តមានវរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម វ៉ាង វិនពីន អគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងលោកបណ្ឌិត បេន លី ជាប្រធាននិងជាស្ថាបនិកហ្វេកតូរី ភ្នំពេញ។
លោកជំទាវបណ្ឌិតសភាចារ្យ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្ថានទូតចិនប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ មហោស្រពនេះក៏ជាវេទិកាបង្ហាញថា កិច្ចសហការផ្នែកវប្បធម៌អាចបង្កើតឱកាសថ្មីៗសម្រាប់វិស័យទេសចរណ៍ ឧស្សាហកម្មច្នៃប្រឌិត សេដ្ឋកិច្ចវប្បធម៌ និងការផ្សព្វផ្សាយកិត្យានុភាពជាតិទៅកាន់ពិភពលោក។
លោកជំទាវបណ្ឌិតសភាចារ្យបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបន្ត និងពង្រឹងកិច្ចសហការជាមួយភាគីចិន លើវិស័យការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ ការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យវប្បធម៌។
លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការរៀបចំទាំងភាគីចិននិងកម្ពុជា សិល្បករ សិល្បការិនី អ្នកជំនាញ និងដៃគូទាំងឡាយ ដែលបានរួមចំណែកធ្វើឲ្យមហោស្រពបេតិកភណ្ឌកម្ពុជា-ចិន ដ៏មានសារៈសំខាន់ក្រោមប្រធានបទ "បេតិកភណ្ឌមាតុភូមិ៖ ការចែករំលែកភាពស្រស់ស្អាត" បានលេចចេញជារូបរាងឡើងនៅក្នុងថ្ងៃនេះ។
លោកជំទាវបណ្ឌិតសភាចារ្យ បន្តថា មហោស្រពនេះមិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសិល្បៈ ប្រពៃណី និងបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ប្រៀបដូចជាស្ពានមួយដែលតភ្ជាប់ប្រវត្តិសាស្ត្រ អរិយធម៌ ចំណងមិត្តភាព និងការយល់ដឹងរវាងប្រជាជនទាំងពីរផងដែរ។ កម្ពុជា និងចិន សុទ្ធតែជាប្រទេសដែលមានអរិយធម៌បុរាណដ៏រុងរឿង និងមានបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ។
លោកជំទាវបណ្ឌិតសភាចារ្យ បន្ថែមថា តាមរយៈប្រាសាទ សំណង់បុរាណ សិល្បៈ សិប្បកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ និងចំណេះដឹងពីបុរាណ យើងអាចមើលឃើញពីប្រជ្ញា ស្មារតី និងស្នាដៃច្នៃប្រឌិតរបស់បុព្វបុរសនៃប្រទេសទាំងពីរ។ អរិយធម៌ទាំងពីរដែលបានបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យជាច្រើន មិនត្រឹមតែជាមោទនភាពរបស់ប្រជាជាតិរៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃមរតកវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។
លើសពីនេះ កម្ពុជា និងចិន ព្រមទាំងប្រទេសដៃគូកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចែករំលែកបទពិសោធន៍ចំណេះដឹង ខណៈកម្ពុជាក៏បានទទួលអត្ថប្រយោជន៍ពីគម្រោងក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានគម្រោងពាក់ព័ន្ធនឹងវប្បធម៌ ការកសាងសមត្ថភាព និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ឯកឧត្តម វ៉ាង វិនពីន លើកឡើងថា ទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា ហើយការសន្ទនារវាងអារ្យធម៌នៃប្រទេសទាំងពីរនេះ មានប្រវត្តិសាស្ត្រជិត ២០០០ឆ្នាំមកហើយ។ ហើយអារ្យធម៌ចិន និងអារ្យធម៌ខ្មែរ បានរៀនសូត្រជាមួយគ្នាទៅវិញទៅមក តាមរយៈគំរូដ៏ល្អមួយសម្រាប់អារ្យធម៌នៅលើសកល ដែលយើងចែករំលែកភាពស្រស់ស្អាតជាមួយគ្នា។
ឯកឧត្តមបន្តថា នាពេលថ្មីៗនេះ វត្ថុបុរាណនៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់អង្គរ បានចូលរួមទៅដល់ទីក្រុងប៉េកាំង ខេត្តហៃណាន និងខេត្តសានស៊ី នៃប្រទេសចិន ធ្វើឱ្យសាធារណជនចិនអាចមានការទស្សនាផ្ទាល់ ហើយមានចម្ងាយជិតជាមួយគ្នាចំពោះអារ្យធម៌ខ្មែរ។ ហើយភាគីចិន យើងក៏ខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីជំរុញឱ្យមានការតាំងពិព័រណ៍វត្ថុបុរាណនៃប្រទេសកម្ពុជា ដែលវាជាទំព័រថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងរៀនសូត្រទៅវិញទៅមករវាងអារ្យធម៌ចិននិងកម្ពុជា។
ឯកឧត្តមក៏បានអញ្ជើញចូលរួមស្តាប់នូវបទបង្ហាញ ដែលដឹកនាំរៀបចំដោយលោកស្រី យួន ម៉េងស៊ី មកពីសភាបណ្ឌិតបេតិកភណ្ឌវប្បធម៌ចិន ដែលក្រោមប្រធានបទថា "យើងបានជួសជុលវត្ថុបុរាណនៅអង្គរ" ហើយធ្វើឱ្យឯកឧត្តមមើលឃើញអ្នកទាំងអស់គ្នា ពិតជាមានក្តីគោរពយ៉ាងខ្លាំងក្លាចំពោះអ្នកជំនាញរវាងចិន និងកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត និងប្រហែលសិបឆ្នាំដូចមួយថ្ងៃ ដើម្បីប្រកាន់ខ្ជាប់ការការពារអារ្យធម៌ ការពារចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកឧត្តមគូសបញ្ជាក់ថា យើងបានសហការជាមួយកម្ពុជាជួសជុលនូវប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ហើយកំពុងជួសជុលនូវប្រាសាទអតីតព្រះបរមរាជវាំងនៅអង្គរ។ យើងចាប់ដៃជាមួយគ្នាស្វែងរកផ្លូវដើម្បីថែរក្សា និងស្វែងរកវិជ្ជសាស្ត្រអភិរក្សបេតិកភណ្ឌវប្បធម៌ជាមួយគ្នា ដើម្បីធ្វើឱ្យទីតាំងបុរាណ ជាពិសេសគឺប្រាសាទអង្គរវត្ត អាចស្វែងរកភាពឧត្តុង្គឧត្តមរបស់ខ្លួនឡើងវិញ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌សកល និងជំរុញការផ្លាស់ប្តូរនៃរៀនសូត្រទៅវិញទៅមកលើវិស័យអារ្យធម៌។
ឯកឧត្តមបន្ថែមថា ក្នុងអំឡុងពេលដែលយើងជួយកម្ពុជាជួសជុលប្រាសាទនីមួយៗ យើងតែងតែប្រកាន់ខ្ជាប់ក្នុងការគោរពនូវវប្បធម៌ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់សាសនារបស់ប្រទេសកម្ពុជា តាមស្ថានភាពជាក់ស្តែង ដើម្បីជំរុញឱ្យមានការតភ្ជាប់នូវបច្ចេកវិទ្យាប្រពៃណី និងបច្ចេកវិទ្យានវានុវត្តកម្មបែបនេះ។ កាលពីខែមេសា ឆ្នាំមុន ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នា និងចាប់ដៃជាមួយគ្នា ដើម្បីធ្វើជាគំរូនៃការអនុវត្តគំនិតផ្តួចផ្តើមអារ្យធម៌សកលជាមួយគ្នា ហើយស្វែងរកលទ្ធភាពបង្កើតក្រុមការងាររួមនៃបេតិកភណ្ឌវប្បធម៌ចិននិងកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ