រាជរដ្ឋាភិបាលសម្រេចបញ្ចេញថវិកាចំនួនជាង ២១៣ប៊ីលានរៀល ក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាក្រុមគោលដៅនៅទូទាំងប្រទេស
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវិភាជ ឬបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ជាង ២១៣ប៊ីលានរៀល ឬសមមូលនឹងចំនួនប្រមាណជាង ៥៣លានដុល្លារ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ បច្ចុប្បន្នកម្មវិធីនេះ បាននិងកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី គ្រួសារមានបណ្ណសមធម៌, កម្មករ-និយោជិតដែលជាសមាជិក ប.ស.ស, មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។
វិសាលភាពនៃការគ្របដណ្តប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ មានសន្ទុះយ៉ាងលឿននៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ និងថាមភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន ១ ១០៦ ៦៣០នាក់ កាលពីចុងឆ្នាំ២០២៣ ដល់ ២ ២៥២ ២៦៧នាក់ ឬមានកំណើន ១០៣,៥២% គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦។
ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេសការវិនិយោគលើធនធានមនុស្សចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ (១ ០០០ ថ្ងៃដំបូងនៃជីវិត) ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ ជាកម្មវិធីគោលនយោបាយអាទិភាព១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕