ព័ត៌មានជាតិ

រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនលើការបំប្លែងរ៉ឺម៉កកង់បី ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលគ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន ទៅជាការប្រើប្រាស់ថាមពលអគ្គិសនីវិញ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលេីកឡេីងដូចនេះ​ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ លោកថាកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី និងថាមពលស្អាតផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈ និងប្រេងឥន្ធនៈ។​ លោកបញ្ជាក់ថា​ រាជរដ្ឋាភិបាលកំពុងសិក្សារៀបចំយន្តការ និងគ្រោងដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភធន និងផ្តល់ឥណទានសម្បទាន សម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ទៅជាការប្រើប្រាស់ថាមពលអគ្គិសនី។​ កម្មវិធីនេះ នឹងចាប់ផ្តើមសាកល្បងលើការបំប្លែងរ៉ឺម៉កកង់បីប្រមាណជាង ៦ម៉ឺនគ្រឿង នៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់បណ្តាខេត្តនានា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានគិតគូរដាក់ចេញនូវវិធានការពង្រឹងសន្តិសុខថាមពល កាត់បន្ថយហានិភ័យពីការរំខានដល់ការផ្គត់ផ្គង់ និងធានាលទ្ធភាពឆ្លើយតបក្នុងគ្រាអាសន្ន ឬវិបត្តិថាមពលផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរ៉ឺម៉កកង់បី រួមមាន​ រ៉ឺម៉កកង់បីបែបប្រពៃណី ម៉ូតូកង់បីបែបទំនើប និងកង់បីឥណ្ឌា នៅទូទាំងប្រទេសប្រមាណជាង ១០ម៉ឺនគ្រឿង។ ក្នុងនោះ នៅរាជធានីភ្នំពេញ តាមការប៉ាន់ប្រមាណរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានអ្នកប្រកបរបររ៉ឺម៉កកង់បីអនឡាញ រួមទាំងកង់បីឥណ្ឌា និងកង់បីបែបប្រពៃណីខ្មែរខ្លះៗ ប្រមាណ ៥ម៉ឺនគ្រឿង៕