ព័ត៌មានជាតិ

យុវជនម្នាក់មកពីគ្រួសារក្រីក្រ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

image

កំពង់ធំ៖ យុវជន ផល ករុណា ជាសិស្សនៅថ្នាក់ទី១២ A ថ្នាក់វិទ្យាសាស្ត្រ នៅវិទ្យាល័យ ហ៊ុន សែនក្រវ៉ា ទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡងឆ្នាំ២០២៦។ ប្អូនករុណា ជាកូនប្រុសច្បងនៃគ្រួសារក្រីក្រ មានបណ្ណសមធម៌ (ក្រីក្រ ២) ដែលរស់នៅជាមួយតែម្តាយ និងប្អូនប្រុសម្នាក់ទៀត ក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ទោះបីមានជីវភាពខ្វះខាត ក៏យុវជនម្នាក់នេះ ប្រឹងប្រែងជម្នះឧបសគ្គជីវភាព មិនខ្លាចការនឿយហត់ និងមិនបោះបង់ការសិក្សាឡើយ ដោយដណ្តើមបាននិទ្ទេស A ក្នុងការប្រលងបាក់ឌុបឆ្នាំ២០២៦។ ភាពជោគជ័យនេះ មានការចូលរួមគាំទ្រពីការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាល ចំនួន ៨៤ ០០០រៀល ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរួមទាំងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រទូទាំងប្រទេស តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមានការផ្តល់ប្រាក់ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា និងកម្មវិធីមួយចំនួនទៀត។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីមួយក្នុងគោលនយោបាយអាទិភាពទាំង៦ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧៕