មន្ត្រីជាន់ខ្ពស់រាជបណ្ឌិតសភា ផ្តល់ជាយោបល់ថា កម្ពុជាគួរយកវិធីបុរាណស្តុកទឹកភ្លៀងមកប្រើឡើងវិញ ដើម្បីពង្រឹងសន្តិសុខទឹក និងទប់ទល់ការប្រែប្រួលអាកាសធាតុដែលកាន់តែអាក្រក់
ភ្នំពេញ៖ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានផ្តល់ជាយោបល់ថា កម្ពុជាគួរយកវិធីសាស្ត្របុរាណក្នុងការប្រមូល និងស្តុកទឹកភ្លៀងមកប្រើប្រាស់ឡើងវិញ ដោយផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងបញ្ហាខ្វះទឹកនៅរដូវប្រាំង និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
លោក យង់ ពៅ បានឡើងដូចនេះ ក្នុងសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបានសរសើរពីមរតកនៃការគ្រប់គ្រងទឹកនៅសម័យអង្គរ ដែលបង្ហាញពីសមត្ថភាពរបស់បុព្វបុរសខ្មែរក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកក្នុងទ្រង់ទ្រាយធំ។ នេះជា គតិបណ្ឌិត ដែលកម្ពុជាគួរយកមកសិក្សា និងកែសម្រួលឱ្យសមស្របនឹងបច្ចេកវិទ្យា និងតម្រូវការនាពេលបច្ចុប្បន្ន។
លោក យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ “ទឹកមានតម្លៃយ៉ាងជ្រាលជ្រៅនៅក្នុងអរិយធម៌ខ្មែរ ដោយបានចូលរួមក្នុងការរស់នៅ កសិកម្ម សេដ្ឋកិច្ច នយោបាយ ជំនឿ វប្បធម៌ និងសិល្បៈ។ ហើយទឹកគឺជាជីវិត ទឹកគឺជានយោបាយ ទឹកគឺជាកសិកម្ម ទឹកគឺជំនឿ វប្បធម៌ និងសិល្បៈ។ មរតកប្រព័ន្ធគ្រប់គ្រងទឹករបស់ខ្មែរត្រូវបានអនុវត្តអស់រយៈពេលរាប់ពាន់ឆ្នាំ តាមរយៈស្រះ បារាយណ៍ ពាង និងប្រព័ន្ធស្តុកទឹកផ្សេងៗ”។
លោក យង់ ពៅ បាបន្តទៀតថា កម្ពុជាមានទឹកភ្លៀងច្រើនក្នុងរដូវវស្សា ប៉ុន្តែរដូវប្រាំងតំបន់មួយចំនួនតែងប្រឈមនឹងការខ្វះទឹក។ ដូច្នេះកម្ពុជាមិនគួរបណ្តោយឱ្យទឹកភ្លៀងហូរចោល ខណៈដែលប្រជាពលរដ្ឋត្រូវប្រឈមនឹងការខ្វះទឹកនៅរដូវប្រាំងនោះឡើយ។ ការពឹងផ្អែកតែលើប្រព័ន្ធផ្គត់ផ្គង់ទឹកតាមបំពង់ ឬការបូមទឹក អាចមិនគ្រប់គ្រាន់ ប្រសិនបើប្រភពទឹកសម្រាប់បូមមានការរីងស្ងួត។ ដូច្នេះ ការប្រមូលទឹកភ្លៀងទុកប្រើប្រាស់ គួរត្រូវបានចាត់ទុកជាដំណោះស្រាយមួយដែលអាចអនុវត្តបាននៅតាមគ្រួសារ សាលារៀន សហគមន៍ និងស្ថាប័នផ្សេងៗ។ លោកចាត់ទុកវិធីសាស្ត្របុរាណ ដូចជា ការប្រើពាងស្តុកទឹក នៅតែមានប្រសិទ្ធភាព ហើយអាចផ្សំជាមួយបច្ចេកទេសទំនើបបាន។ សម្រាប់គ្រួសារដែលមិនមានលទ្ធភាពទិញធុងស្តុកទឹកធំៗ ពាងផលិតក្នុងស្រុកក៏អាចជាជម្រើសមួយសម្រាប់រក្សាទឹកភ្លៀងទុកប្រើប្រាស់បាន។
លោក យង់ ពៅ បានបង្ហាញពីគម្រោង «សាលារៀនទឹកភ្លៀង» (Rain School) ដែលជាគំរូនៃការប្រមូល និងប្រើប្រាស់ទឹកភ្លៀងក្នុងវិស័យអប់រំ។ បច្ចុប្បន្ន បានអនុវត្តនៅទីតាំងចំនួន១០ ហើយមានគោលដៅពង្រីកឱ្យបានដល់ ១០០០ទីតាំងនៅទូទាំងប្រទេស ព្រមទាំងពង្រីកទៅកាន់សហគមន៍ និងមណ្ឌលសុខភាព ផងដែរ។
លោកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រសំខាន់ គឺ «ប្រមូលទឹកភ្លៀង រៀនសូត្រពីទឹកភ្លៀង អនុវត្តដំណោះស្រាយ» ហើយយកបទពិសោធន៍ ដែលទទួលបានទៅភ្ជាប់ជាមួយគោលនយោបាយឱ្យកាន់តែទូលំទូលាយ។ លោកថា បញ្ហាទឹកភ្លៀងពាក់ព័ន្ធនឹងវិស័យជាច្រើន រួមមានសន្តិសុខទឹក សុខភាព ការអប់រំ ការត្រៀមបង្ការគ្រោះមហន្តរាយ ការអភិវឌ្ឍជនបទ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះ បញ្ហានេះគួរត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈថ្នាក់ជាតិ និងអន្តរជាតិ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កម្ពុជាគួរប្រើប្រាស់បទពិសោធន៍ពីអតីតកាល ដើម្បីបង្កើតដំណោះស្រាយសម្រាប់អនាគត ដោយមិនគួរបណ្តោយឱ្យទឹកភ្លៀងដែលមានតម្លៃហូរចោល ខណៈដែលប្រជាពលរដ្ឋត្រូវប្រឈមនឹងការខ្វះទឹកនៅរដូវប្រាំងឡើយ៕