ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បញ្រ្ជាបអំពីសមិទ្ធផល​នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា​ ដល់រដ្ឋបាលខេត្តកណ្តាល

image

កណ្តាល៖​ លោកទេសរដ្ឋមន្ត្រី​ កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ លើការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី​ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅខេត្ត​កណ្តាល​ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

សិក្ខាសាលនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង គ.ស.ម.ក. និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីតំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរជំនាញជុំវិញខេត្ត តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណជាង ៣៥០នាក់ ដេីម្បីបង្កើនការយល់ដឹងអំពីកតិកាសញ្ញាអន្តរជាតិស្តីពី​ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ខ្លឹមសារនៃរបាយការណ៍ជាតិ និងសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) សម្រាប់អនុវត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងគ្រប់កម្រិត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងការលើកតម្កើងកិត្យានុភាពជាតិ នៃវិស័យសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនោះ​ លោកទេសរដ្ឋមន្រ្តី​ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកណ្តាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពង្រឹងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការងារ ការការពារសិទ្ធិជនងាយរងគ្រោះ ជាពិសេសលើវិស័យអប់រំ ដែលមានសិស្សប្រឡងសញ្ញាបត្រទុតិយភូមិទទួលបានលទ្ធផលនិទ្ទេស A ច្រើនជាងគេលំដាប់ទី២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះមានសារសំខាន់ក្នុងការបញ្រ្ជាបអំពីសមិទ្ធផល​នៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមាន គ.ស.ម.ក. ជាសេនាធិការ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា​លើគ្រប់វិស័យ​ ព្រមទាំងបង្ហាញជាព័ត៌មានអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាដល់អង្គការសហប្រជាជាតិ ដែលជាការងារមួយដ៏សំខាន់ក្នុងការលើកមុខមាត់កម្ពុជាទៅឆាកអន្តរជាតិ អំពីការចូលរួមគ្នាជាធ្លុងមួយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចថា ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺស្របគ្នាទាំងស្រុងទៅនឹង “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពអប់រំ សុខាភិបាល និងការបង្កើតឱកាសការងារសមរម្យជូនប្រជាពលរដ្ឋគ្រប់រូប ដោយសមធម៌ និងបរិយាប័ន្ន។

លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីវិស័យសិទ្ធិមនុស្សមួយចំនួន ដែលកម្ពុជាបាននិងកំពុងឈានមុខទាំងក្នុងតំបន់និងអន្តរជាតិ ដូចជា កម្ពុជាមិនមានទោសប្រហារជីវិត និងការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន ៨ ក្នុងចំណោម៩។ បន្ថែមពីនេះ សិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ក៏មានការបើកទូលាយ និងមិនមានការរឹតត្បិត ឬដាក់ទោសទណ្ឌអ្វីឡើយ ហើយលោកទេសរដ្ឋមន្រ្តី ក៏បានស្នើកុំឱ្យមានការរើសអើង ឬការប្រព្រឹត្តអំពើមិនគប្បីណាមួយចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ស្របតាមគោលជំហររបស់រាជរដ្ឋាភិបាល ដែលមិនទុកនរណាម្នាក់ចោល ឬផាត់ចេញក្រៅសង្គមឡើយ។ រាជរដ្ឋាភិបាលក៏បានសម្រេចចូលរួមជា Co-sponsor ជាមួយប្រទេសបារាំង លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality) ផងដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីការរីកចម្រើនលើការយល់ដឹងរបស់យុវជនកម្ពុជាដល់កម្រិតអន្តរជាតិ ដោយបានរំលឹកពីការរៀបចំកម្មវិធី “តស៊ូមតិរបស់យុវជនអាស៊ានស្តីពីសិទ្ធិមនុស្សលើកទី៧” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយយុវជនកម្ពុជាទទួលបានជ័យលាភីចំនួន ៣ ក្នុងចំណោម៥ប្រធានបទ ក្នុងការប្រកួតប្រជែងជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានភាពរីកចម្រើនលើគ្រប់វិស័យរួមមាន វិស័យអប់រំ សុខាភិបាល សន្តិសុខសង្គម ជាដើម ជាពិសេសវិស័យកីឡាមានភាពលេចធ្លោខ្លាំង ដែលក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូរ អាយ ធី អែហ្វ កម្ពុជា ដែលលោកទេសរដ្ឋមន្រ្តី បានដឹកនាំទៅប្រកួតនៅប្រទេសម៉ុងហ្គោលី កាលពីដើមខែសីហា ឆ្នាំ២០២៦ ទទួលបានជោគជ័យជាទីមោទកៈ ដែលជាសក្ខីភាពបង្ហាញថា​ កម្ពុជាមានភាពរីកចម្រើន ស៊ីវិល័យ ទាំងការរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ ស្ថិរភាព និងសន្តិភាពពេញលេញ។

លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរថា សូមកុំមានការយល់ច្រឡំថាការទៅចូលរួមការពាររបាយការណ៍ជាតិនៅចំពោះមុខគណៈកម្មាធិការនៃសន្ធិសញ្ញាអន្តរជាតិនីមួយៗ ថា កម្ពុជាត្រូវបានគេហៅទៅសួរនាំ ឬដាក់សម្ពាធលើវិស័យសិទ្ធិមនុស្សនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់រដ្ឋនីមួយៗដែលផ្តល់សច្ចាប័ន ក្នុងការសរសេររបាយការណ៍ ការការពាររបាយការណ៍ និងអនុវត្តទៅតាមវដ្តនៃសន្ធិសញ្ញានីមួយៗ។ លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា ការការពាររបាយការណ៍ជាតិនៅចំពោះមុខគណៈកម្មាធិការអង្គការសហប្រជាជាតិ គឺជាវេទិកាសន្ទនាប្រកបដោយការស្ថាបនា ដែលអនុញ្ញាតឱ្យកម្ពុជាបង្ហាញពីសមិទ្ធផលពិតប្រាកដ បញ្ឈប់ការភ័ន្តច្រឡំ ឬការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទទួលបាននូវអនុសាសន៍ល្អៗសម្រាប់យកមកធ្វើការកែលម្អប្រព័ន្ធអនុវត្តច្បាប់ និងគោលនយោបាយជាតិឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះ ប្រទេសកម្ពុជាតែងតែមានសុខដុមនីយកម្មលើសាសនា ដែលឆ្លុះបញ្ចាំងពីសេរីភាពជំនឿសាសនា។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ គ.ស.ម.ក. ចូលរួមយ៉ាងសកម្មដោយបានដាក់ញត្តិប្តឹង សេចក្តីថ្លែងការណ៍ និងលិខិតតវ៉ាផ្សេងៗ ចំនួន ៦០ ចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន ១០លើក ព្រមទាំងដំណើរបេសកកម្មសិទ្ធិមនុស្សយ៉ាងសកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សូមបញ្ជាក់ផងដែរថា លិខិតរបស់​ គ.ស.ម.ក. បានដាក់បញ្ជូនទៅយន្តការនានារបស់អង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ផងដែរ ចំពោះការឈ្លានពានសិទ្ធិមនុស្សគ្រប់បែបយ៉ាងមកលើកម្ពុជា រួមមាន​ ការចាប់ទាហានកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ ការប្រើប្រាស់អាវុធធុនធ្ងន់រួមមានទាំងគ្រាប់បែកចង្កោមដែលជាការហាមឃាត់ក្នុងការប្រើប្រាស់ពេលសង្គ្រាម ការប្រើផ្សែងពុល ការប្រើប្រាស់សំឡេងរំខាន ការបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងលួចទ្រព្យសម្បត្តិឯកជនផងដែរ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ.ស.ម.ក. នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធានាការពារសិទ្ធិរស់រានមានជីវិត សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹក និងកងទ័ពកម្ពុជាដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។

ក្រៅពីនេះលោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំដំណើរការសិក្ខាសាលាដោយរលូន និងមានការចូលរួមយ៉ាងសកម្ម ព្រមទាំងអំពាវនាវឱ្យសិក្ខាកាមទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យលើអនុសាសន៍ដែលពាក់ព័ន្ធនឹងកិច្ចការងាររបស់ខ្លួន ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការអនុវត្តឱ្យបានល្អថែមទៀត៕