រាជរដ្ឋាភិបាលកម្ពុជា ពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយ នៅទូទាំងប្រទេស
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែង ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ពាក់ព័ន្ធនឹង ប្រព័ន្ធគាំពារសង្គមកម្ពុជា រាជរដ្ឋាភិបាល បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលសំខាន់ៗ គួរជាទីមោទនៈ ក្រោមការដឹកនាំតម្រង់ទិសជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបច្ចុប្បន្នមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានកិត្តិយស និង លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។
ចាប់តាំងពីឆ្នាំ២០១៧ មក រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមរយៈការពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ដោយត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៦ ប្រព័ន្ធគាំពារសង្គម និងការគ្របដណ្តប់សុខភាពនៅកម្ពុជា បាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋ ៨,៥លាននាក់ ឬស្មើនឹងជិត ៥០% នៃពលរដ្ឋសរុប ខណៈកាលពីដើមនីតិកាលទី៧ នៃរដ្ឋសភាមានពលរដ្ឋទទួលផលពីប្រព័ន្ធគាំពារសង្គមចំនួនប្រមាណ ៦,៥លាននាក់។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅចំនួនប្រមាណ ៥លាននាក់ ដោយរាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ១៣០,១ប៊ីលានរៀល ឬស្មើនឹង ២៨២លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមនានា រួមទាំងមូលនិធិសមធម៌សុខាភិបាលផងដែរ។
ដោយឡែក របបសន្តិសុខសង្គម បានគ្របដណ្តប់ពលរដ្ឋប្រមាណជាង ៣,៥ លាននាក់ ដែលក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ៩០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤៨៧លានដុល្លារ បន្ថែមលើថវិកាភាគទានពីសមាជិក ប.ស.ស. សម្រាប់របបសន្តិសុខសង្គម ៣ ធំៗ រួមមាន ១. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, ២. របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ, និង ៣. របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
បន្ថែមលើនេះ កម្មវិធីជំនួយសង្គមពិសេស និងអន្តរាគមន៍ពិសេស ក៏ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋដែលទទួលរងកម្មវិបាកពីវិបត្តិ និងគ្រោះអាសន្ននានា រួមមានវិបត្តិជំងឺកូវីដ-១៩, សម្ពាធអតិផរណា, គ្រោះទឹកជំនន់ធ្ងន់ធ្ងរ, និងសង្គ្រាមព្រំដែន ជាដើម ស្របពេលដែលរាជរដ្ឋាភិបាល បានត្រៀមខ្លួនជានិច្ចក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍តាមការចាំបាច់ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋនៅពេលជួបវិបត្តិ និងគ្រោះអាសន្ន ដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ ផងដែរ៕