កម្ពុជាជាប្រទេសគំរូក្នុងស្តារឡើងវិញនូវវិធីសាស្ត្រគ្រប់គ្រងទឹកភ្លៀងតាមបែបប្រពៃណី និងតាមបែបវិមជ្ឈការ ដែលពិភពលោកគួរតែរៀនសូត្រ
ភ្នំពេញ៖ កម្ពុជាជាប្រទេសគំរូ នៃការគ្រប់គ្រងទឹកភ្លៀងដែលមានការទទួលស្គាល់ក្នុងតំបន់ និងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានេះ ដោយរាជបណ្ឌិត្យសភាកម្ពុជា (RAC) ត្រូវបានអនុម័តជាផ្លូវការឱ្យក្លាយជាសមាជិកបណ្តោះអាសន្ននៃសមាគមបណ្ឌិត្យសភា និងសមាគមវិទ្យាសាស្ត្រនៅអាស៊ី (AASSA)។
ការអនុម័តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ AASSA ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលផ្តល់ឱកាសឱ្យកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសិក្សា និងវិទ្យាសាស្ត្រឈានមុខគេនៅទូទាំងអាស៊ី។
វិញ្ញាបនបត្រសមាជិកភាពបណ្តោះអាសន្នត្រូវបានប្រគល់ជូនប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) គឺលោក សុខ ទូច ដោយលោក Lee Young-jo អគ្គលេខាធិការនៃ AASSA នៅឯសន្និសីទអន្តរជាតិលើកទី៤ របស់សមាគមទឹកអន្តរជាតិ (International Water Association) ស្តីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
សាស្រ្តាចារ្យ Mooyoung Han ប្រធានក្រុមអ្នកជំនាញផ្នែកប្រមូល និងគ្រប់គ្រងទឹកភ្លៀងរបស់ IWA មានប្រសាសន៍ថា ការទទួលស្គាល់កម្ពុជានេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាអន្តរជាតិ ចំពោះវិធីសាស្ត្ររបស់កម្ពុជាក្នុងការរួមបញ្ចូលចំណេះដឹងបែបប្រពៃណី ជាមួយនឹងការអនុវត្តការគ្រប់គ្រងទឹកបែបទំនើប។
លោក Han បានបញ្ជាក់ថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចំណាប់អារម្មណ៍របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់ចំណេះដឹងផ្នែកទឹកពីសម័យអង្គរ ទៅនឹងការគ្រប់គ្រងទឹកភ្លៀងតាមបែបវិមជ្ឈការនាសម័យទំនើប។ គំនិតផ្តួចផ្តើមនេះអាចជួយកម្ពុជាអភិវឌ្ឍវិធីសាស្ត្រពិសេសមួយក្នុងការគ្រប់គ្រងទឹក ជាពិសេសតាមរយៈកម្មវិធី "សាលារៀនទឹកភ្លៀង" (Rain Schools) ដែលរួមបញ្ចូលការប្រមូលទឹកភ្លៀង ជាមួយនឹងការអប់រំ និងការយល់ដឹងរបស់សហគមន៍ ខណៈពិភពលោកកំពុងព្រួយបារម្ភពីបញ្ហានៃការបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ។ ដូចនេះពិភពលោកគួរតែរៀនសូត្រពីគំនិតផ្តួចផ្តើមសាលារៀនទឹកភ្លៀងនៅកម្ពុជា។
លោក Han បានបន្ថែមថា បទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការគ្រប់គ្រងទឹកតាមបែបវិមជ្ឈការ ធ្លាប់ត្រូវបានគេមើលរំលង ខណៈដែលប្រទេសអភិវឌ្ឍន៍ជាច្រើនបានពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រព័ន្ធគ្រប់គ្រងទឹកបែបមជ្ឈការ។
សូមបញ្ជាក់ថា កម្ពុជាបានព្យាយាមប្រែក្លាយទឹកភ្លៀងពីបញ្ហាប្រឈមតាមរដូវកាល ទៅជាធនធានយុទ្ធសាស្ត្រសម្រាប់សន្តិសុខទឹក និងភាពធន់នឹងអាកាសធាតុ ខណៈដែលការផ្លាស់ប្តូរលំនាំទឹកភ្លៀងបានធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងគ្រោះរាំងស្ងួត និងទឹកជំនន់។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
ក្នុងសន្និសីទស្តីពី ការប្រមូល និងគ្រប់គ្រងទឹកភ្លៀងរបស់ IWA ថា កម្ពុជាចាំបាច់ត្រូវពិចារណាឡើងវិញអំពីវិធីសាស្ត្រគ្រប់គ្រងទឹកភ្លៀង ដោយសារការប្រែប្រួលអាកាសធាតុបង្កឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំង។ ទឹកមិនគួរត្រូវបានបង្ហូរចោលដោយឥតប្រយោជន៍នោះទេ ប៉ុន្តែគួរតែត្រូវបានប្រមូល ស្ដុកទុក អភិរក្ស និងគ្រប់គ្រងប្រកបដោយនិរន្តរភាព។
លោកបានមានប្រសាសន៍ថា ទំនាក់ទំនងរបស់ប្រទេសនេះជាមួយទឹក ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈបឹងទន្លេសាប និងតំបន់វាលទំនាបជុំវិញបឹង ដែលមានវដ្តទឹកតាមរដូវកាលជួយទ្រទ្រង់ដល់វិស័យនេសាទ សន្តិសុខស្បៀង ជីវភាពរស់នៅ និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។ ប្រជាជនជាង ៧លាននាក់ បានពឹងផ្អែកលើប្រព័ន្ធបឹងទន្លេសាបសម្រាប់ជីវភាពរស់នៅរបស់ពួកគេ ដែលនេះបង្ហាញឱ្យឃើញពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃធនធានទឹក។
លោក ថោ ជេដ្ឋា បានឱ្យដឹងដែរថា កម្ពុជាបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធទឹក។ គិតត្រឹមឆ្នាំ២០២៥ មានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥៤ ដែលមានសមត្ថភាពស្រោចស្រពផ្ទៃដីប្រហែល ២លានហិកតា ព្រមទាំងមានអាងស្តុកទឹកចំនួន ១.៦៥៩ ដែលមានសមត្ថភាពស្តុកទឹកសរុបប្រហែល ៤ពាន់លានម៉ែត្រគូប៕