ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញធុរកិច្ច និងវិនិយោគ

image

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។


អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោក គីម សឹង ស៊ូ (Kim Seong Su) ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) ដែលប្រព្រឹត្តទៅក្រោមអតិបតីភាពរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកនៃសភាពាណិជ្ជកម្មទាំងពីរផងដែរ។


ថ្លែងក្នុងឱកាសនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា កម្ពុជាមានបរិយាកាសធុរកិច្ចល្អប្រសើរ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអំណោយផលសម្រាប់វិនិយោគិន និងមានគោលនយោបាយលើកទឹកចិត្ត និងគាំទ្រធុរកិច្ចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


អ្នកឧកញ៉ា គិត ម៉េង សង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាដំណាក់កាលដ៏សំខាន់មួយឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសភាពាណិជ្ជកម្មទាំងពីរ ដែលត្រូវបានរៀបចំឡើងដើម្បីការពារ និងទាក់ទាញការវិនិយោគពីកូរ៉េ។


លោក គីម សឹង ស៊ូ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃអនុស្សរណៈយោគយល់នេះ និងចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនេះ មិនត្រឹមតែជួយទាក់ទាញវិនិយោគិនកូរ៉េប៉ុណ្ណោះទេ ថែមទាំងជួយការពារការវិនិយោគដែលមានស្រាប់ផងដែរ។


អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតក្របខ័ណ្ឌប្រតិបត្តិកាសំខាន់ៗរួមមាន៖ ការចែករំលែកទិន្នន័យពាណិជ្ជកម្ម ព័ត៌មានបច្ចុប្បន្នភាពបទប្បញ្ញត្តិ គោលនយោបាយសេដ្ឋកិច្ច ការផ្គូផ្គងធុរកិច្ច ការរៀបចំទស្សនកិច្ចពាណិជ្ជកម្ម វេទិកាធុរកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការជួយគាំទ្រគ្នាទៅវិញទៅមក៕


រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត់