សង្គម

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី

image


ស៊ីដនី៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អមដំណើរដោយ លោក វឿង ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី លោកបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តរតនគិរី សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ព្រមទាំងបងប្អូនអាជីវករ និងសហគមន៍ធុរកិច្ចកម្ពុជានៅប្រទេសអូស្ត្រាលី។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ព្រមទាំងស្វែងរកលទ្ធភាពថ្មីៗក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ពាក់ព័ន្ធនឹងស្ថានភាពធុរកិច្ច និងសក្តានុពលទីផ្សារនៅប្រទេសអូស្ត្រាលី ព្រមទាំងពិភាក្សាអំពីឱកាសសម្រាប់សហគ្រាស និងអ្នកធុរកិច្ចកម្ពុជាក្នុងការស្វែងរកទីផ្សារថ្មី ការពង្រីកបណ្តាញអាជីវកម្ម និងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគដែលមានសក្តានុពល។

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ត្រូវបានមើលឃើញថា ជាចំណុចភ្ជាប់ដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចនៅប្រទេសអូស្ត្រាលី។ តាមរយៈការបង្កើត និងពង្រឹងបណ្តាញទំនាក់ទំនងនៅទីនេះ ការិយាល័យតំណាងអាចដើរតួនាទីជាស្ពានក្នុងការផ្សព្វផ្សាយអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ក៏ដូចជាជួយភ្ជាប់អ្នកធុរកិច្ចកម្ពុជា ជាមួយដៃគូអាជីវកម្ម និងអ្នកវិនិយោគនៅអូស្ត្រាលី។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ភួ វាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងបានបញ្ជាក់ពីសារៈសំខាន់នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក្នុងការពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ និងបង្កើតឱកាសសម្រាប់វិស័យឯកជនកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចកម្ពុជានៅអូស្ត្រាលី ដែលអាចដើរតួនាទីជាដៃគូសំខាន់ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា បង្កើនការយល់ដឹងអំពីឱកាសវិនិយោគ និងជំរុញការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ។

ជំនួបនេះក៏ជាវេទិកាមួយសម្រាប់ស្តាប់ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងឱកាសរបស់អ្នកធុរកិច្ចកម្ពុជាដែលកំពុងប្រកបអាជីវកម្មនៅអូស្ត្រាលី ដើម្បីស្វែងរកយន្តការ និងកិច្ចសហការដែលអាចគាំទ្រដល់ការរីកចម្រើនរបស់សហគមន៍ធុរកិច្ចកម្ពុជា និងការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈកិច្ចសហការរវាង សភាពាណិជ្ជកម្មកម្ពុជា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងសហគមន៍ធុរកិច្ចកម្ពុជា-អូស្ត្រាលី រំពឹងថានឹងអាចបង្កើនការតភ្ជាប់ធុរកិច្ច បើកចំហឱកាសទីផ្សារថ្មីៗ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ព្រមទាំងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចរវាងប្រទេសកម្ពុជា និងអូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅ៕