ប្រធានរាជបណ្ឌិតសភាកម្ពុជា ស្នើឱ្យភាគីពាក់ព័ន្ធ ប្រមូល និងគ្រប់គ្រងទឹកភ្លៀងឱ្យបានល្អ សម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជារក្សាជីវិតនៅលើភពផែនដី និងបរិស្ថាន ខណៈពិភពលោកកំពុងជួបប្រទះនូវការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានស្នើដល់ភាគីពាក់ព័ន្ធ រួមនឹងពលរដ្ឋគ្រប់រូប ត្រូវចូលរួមប្រមូលទឹកភ្លៀងទុកឱ្យបានល្អ ស្អាត សម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជារក្សាជីវិតនៅលើភពផែនដី និងបរិស្ថាន ផងដែរ ខណៈពិភពលោកកំពុងជួបប្រទះនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោកថា ប្រសិនបើមិនមានការប្រមូល និងគ្រប់គ្រងទឹកភ្លៀងឱ្យបានល្អទេ នោះធម្មជាតិ នឹងបំផ្លាញមនុស្សលោកនៅថ្ងៃខាងមុខ។
ការស្នើឡើងដោយ លោក សុខ ទូច ដូចនេះ ក្នុងសន្និសីទស្តីពី ការប្រមូលផល និងគ្រប់គ្រងទឹកភ្លៀង (IWA) លើកទី៤ ឆ្នាំ២០២៦ ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងតំណាងអង្គការសហប្រជាជាតិ ផងដែរ។ វេទិកាអន្តរជាតិនេះ ជាការឧទ្ទិសដល់ការលើកកម្ពស់ការប្រមូល និងរក្សាទឹកភ្លៀងជាសមាសធាតុស្នូលនៃការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងធន់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ លោក សុខ ទូច បានលើកឡើងពីសារសំខាន់នៃទឹកភ្លៀងសម្រាប់ជីវិតមនុស្សលោក ខណៈប្រទេសខ្លះមិនសូវមានទឹកភ្លៀង ឬខ្សត់ទឹកតែម្តង។ ចំណែកប្រទេសកម្ពុជាសម្បូរទៅដោយទឹកភ្លៀង ហើយប្រសិនបើមិនមានការប្រមូលទឹកភ្លៀងឱ្យបានល្អទេ នោះជីវិតមនុស្ស សត្វ នឹងជួបនូវបញ្ហានៅថ្ងៃខាងមុខ។ ការប្រមូល ការគ្រប់ក្រងទឹកភ្លៀងទុកនេះ ដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ តែងតែយកចិត្តទុកដាក់ជាខ្លាំង។ ជាក់ស្តែងនៅទីក្រុងអង្គរ ខេត្តសៀមរាប បុព្វបុរសខ្មែរបានបង្កើតនូវប្រព័ន្ធប្រមូលទឹកភ្លៀងទុកដ៏ធំ និងអស្ចចារ្យ សម្រាប់ពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង ឬរដូវគ្មានភ្លៀង។
ជាមួយគ្នានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ទឹកភ្លៀងគឺជាធនធានដ៏មានតម្លៃសម្រាប់មនុស្សលោក។ ដូច្នេះមិនត្រូវឱ្យទឹកភ្លៀងហូរចោលនោះទេ ដោយលោកបានចាត់ទុកទឹកភ្លៀងគឺជាមាសព័ណ៌ស ទឹកគឺជាចលករបានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាចំណុចអាទិភាពទាំង៥ ក្នុងការកាំទ្រកម្ពុជាឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោក ថោ ជេដ្ឋា បានបញ្ចាក់ថា ក្នុងនាមក្រសួងធនធានទឹក លោកបានពង្រឹងនៃការគ្រប់គ្រងទឹក ដោយត្រូវធ្វើយ៉ាងណាគ្រប់គ្រងវដ្ឋទឹក តាំងពីរបបទឹកភ្លៀង ទឹកអូរ ទឹកបឹង រហូតដល់ការចែកចាយ ការប្រើប្រាស់ ការអភិរក្ស សក្តានុពលនៃទឹក និងការការពារទឹក ជាដើម ខណៈបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះនូវការផ្លាស់ប្តូររបបទឹកភ្លៀង ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឱ្យកើតគ្រោះធម្មជាតិទឹកជំនន់ និងគ្រោះរាំងស្ងួត។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២៣៥៤ នៅទូទាំងប្រទេស ដែលមានសមត្ថភាពស្រោចស្រពផ្ទៃដីរហូតដល់ ២លានហិកតា។ ក្រៅពីនេះកម្ពុជាក៏មានអាងស្តុកទឹកចំនួន ១៦៥៩ ផងដែរ ដែលមានសមត្ថភាពផ្ទុកទឹករហូតដល់ ៤ប៊ីលានម៉ែត្រគូប នៅក្នុងរដូវសម្បូរទឹក សម្រាប់ប្រើប្រាស់នៅក្នុងរដូវខ្សត់ទឹក ដើម្បីគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀង ដែលការណ៍នេះបានធ្វើឱ្យសហគមន៍មានភាពធន។
លោក គឹម ជេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជន និងកីឡា ក៏បានឡើងថ្លែងផងដែរនៅក្នុងឱកាសនោះ។ លោកបានឱ្យដឹងថា នៅតាមសាលារៀននៅកម្ពុជា ក៏មានការបង្កើតឱ្យមានប្រព័ន្ធទឹកភ្លៀងចំនួន ១០សាលារួចមកហើយនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលជាជំនួយរបស់សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េ រួមសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលស្រាវជ្រាវ និងទឹកភ្លៀង នៃរាជបណ្ឌិតសភាកម្ពុជា
ហើយគម្រោងនេះនឹងសាងសង់ឱ្យបានចំនួន ១០០០សាលា នៅទូទាំងប្រទេសនៅថ្ងៃខាងមុខ ដើម្បីទប់ទលនឹងការប្រែប្រួលអាកាសធាតុដែលកាន់តែអាក្រក់ទៅៗ។ ការបង្កើតឱ្យមានប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមសាលារៀននេះនឹងនាំឱ្យជីវិតសិស្សានុសិស្សនៅតាមសាលារៀនមានភាពស្រស់បំព្រង និងក៏អាចបង្រៀនសិស្សឱ្យយល់ដឹងពីការប្រមូល ការគ្រប់គ្រងទឹកភ្លៀងដោយការទទួលខុសត្រូវ និងសុខភាពអនាម័យនៅតាមសាលាផងដែរ។
លោក សាបូ អាហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងដែរថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូលបានសម្ដែងនូវក្ដីព្រួយបារម្ភអំពីបញ្ហាជាសកលនេះ។ អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាគឺ ១,៥៥អង្សាសេ លើសពីសីតុណ្ហភាពមុនបដិវឌ្ឍន៍ឧស្សាហកម្ម ហើយ ៦០% នៃតំបន់អាងទន្លេ និងអាងស្តុបទឹក នៅទូទាំងពិភពលោក បានជួបប្រទះស្ថានភាពប្រែប្រួលកម្រិតទឹកខុសប្រក្រតី ពោលគឺ តំបន់ខ្លះជួបប្រទះទឹកជំនន់ខុសប្រក្រតី ហើយតំបន់ខ្លះទៀតជួបប្រទះនូវគ្រោះរាំងស្ងួតខុសពីធម្មតា។ ចំណែកឯ ឆ្នាំ២០២៦ ក៏ជាឆ្នាំក្តៅបំផុតមួយផងដែរ។
កម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ រលកកម្តៅ និងការជ្រាបចូលនៃទឹកសមុទ្រ។ ការសិក្សារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន ២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០។ ហេតុនេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើសុខភាព ហេដ្ឋារចនាសម្ព័ន្ធ ធនធានទឹក និងផលិតភាពកសិកម្ម។
ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី តាមរយៈការអនុវត្តគោលនយោបាយ ផែនការសកម្មភាពច្បាស់លាស់ ជាពិសេសតាមរយៈការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក គឹម ហាក់ស៊ូ អតីតលេខាធិការប្រតិបត្តិ នៃគណកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ(UNESCAP) បានថ្លែងដែរថា ការគ្រប់គ្រងទឹកភ្លៀងពិតជាមានសារសំខាន់ខ្លាំងនាពេលបច្ចុប្បន្ន ហើយវាគឺជាវិធីសាស្ត្រងាយៗ ប៉ុន្តែជាគំណិតមួយដ៏អស្ចចារ្យ ជាជាងឱ្យទឹកភ្លៀងហូរចោលដោយអត់បានយកមកប្រើប្រាស់។ ប៉ុន្តែប្រសិនបើយើងប្រមូលវាបានកាន់តែច្រើនគឺជាអ្នកប្រើប្រាស់ដ៏វ័យឆ្លាតបំផុត។ ការប្រមូលទឹកភ្លៀង គឺជាការជួយក្នុងសហគមន៍មានភាពធន់កាន់តែខ្លាំង និងកាន់តែប្រសើនៅពេលដែលយើងខ្វះទឹកប្រើប្រាស់។ ម្យ៉ាងវិញទៀតការប្រមូលទឹកភ្លៀងគឺជាការកសាងនូវវប្បធម៌នៃការប្រើប្រាស់ទឹកដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា សន្និសីទស្តីពី ការប្រមូលផល និងគ្រប់គ្រងទឹកភ្លៀងលើកទី៤ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក: ទឹក អាកាសធាតុ និងវប្បធម៌ ដោយលើកឡើងពីបញ្ហាទឹកភ្លៀងពីទស្សនៈចម្រុះ និងផ្សាភ្ជាប់គ្នាទៅវិញទៅមករវាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គុណភាពទឹកស្អាត និងទឹកសម្រាប់បរិភោគ ភាពធន់នឹងអាកាសធាតុ ការអប់រំ និងការចូលរួមរបស់សហគមន៍ ព្រមទាំងគោលនយោបាយ និងអភិបាលកិច្ច។ វេទិការបានសង្កត់ធ្ងន់លើការរៀនសូត្រដែលផ្តោតលើការអនុវត្តរួម ជាមួយនឹងការពិភាក្សាបែបវិទ្យាសាស្ត្រ។ បទពិសោធន៍ទាំងនេះផ្តល់នូវការយល់ដឹងដែលកាន់តែពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមទឹកសកល។
ម្យ៉ាងវិញទៀត សន្និសីទអន្តរជាតិមួយនេះបម្រើជាវេទិកាសម្រាប់ការផ្លាស់ប្តូរ ចំណេះដឹង កិច្ចសហការ និងការកសាងសមត្ថភាព ដោយភ្ជាប់ការអនុវត្តក្នុងស្រុកជាមួយនឹងការរៀនសូត្រសកល និងគាំទ្រដល់ការអភិវឌ្ឍអនាគតទឹកប្រកបដោយបរិយាប័ន្ន និងចីរភាព៕