ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាកសាងវប្បធម៌ធុរកិច្ចស្អាតស្អំ តម្លាភាព និងបរិយាកាសវិនិយោគល្អប្រសើរ នៅកម្ពុជា

image

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ» ក្នុងគោលបំណងពង្រឹងទំនុកចិត្តរបស់វិនិយោគិន ធានាការប្រកួតប្រជែងដោយស្មើភាព និងលើកកម្ពស់វិបុលភាពពាណិជ្ជកម្មរយៈពេលវែងនៅកម្ពុជា។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធាន និងអនុប្រធានសហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងសហគមន៍ធុរជនជាតិ និងអន្តរជាតិជាច្រើនរូប។

អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជននៅកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ បានឈានដល់ការសហការជាផ្លូវការ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានរំលឹកពីសមិទ្ធផលនៃការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមិនត្រឹមតែនាំមកនូវសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិវឌ្ឍ និងកំណើនលើគ្រប់វិស័យ។ ក្នុងនោះ សេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនជាមធ្យមប្រមាណពី៧% ទៅ៨% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រមាណពីរទសវត្សរ៍កន្លងមក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ដែលតែងលើកឡើងអំពីគោលការណ៍ «ជួយគិត ជួយធ្វើ និងជួយជំរុញ» ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន និងមានភាពរឹងមាំ។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា បរិយាកាសធុរកិច្ចដែលមានតម្លាភាព និងភាពស្អាតស្អំ មិនត្រឹមតែជាគោលដៅរបស់ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់វិនិយោគិន ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ធានាការប្រកួតប្រជែងដោយស្មើភាព និងលើកកម្ពស់វិបុលភាពពាណិជ្ជកម្មរយៈពេលវែង សម្រាប់សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញជំនឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ការទុកចិត្តគ្នាទៅវិញទៅមក និងការអនុវត្តយុទ្ធសាស្ត្រជាក់ស្តែង អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់លទ្ធផលជាក់ស្តែង និងមានអត្ថន័យសម្រាប់ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា គឺជាការបង្ហាញពីឆន្ទៈ និងការតាំងចិត្តរួមគ្នា ក្នុងការផ្លាស់ប្តូរវប្បធម៌ធុរកិច្ចឱ្យកាន់តែផ្អែកលើសុចរិតភាព និងតម្លាភាព។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានគោលដៅជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែស្អាតស្អំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ស្របពេលដែលបរិយាកាសសេដ្ឋកិច្ចពិភពលោក កាន់តែទាមទារឱ្យមានទំនុកចិត្ត ការគោរពច្បាប់ និងការការពារផលប្រយោជន៍របស់ធុរជនទាំងជាតិ និងអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងវិស័យឯកជន និងមានការទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ ពិតជាមានសក្តានុពល និងវិសាលភាពធំធេង ដោយសារសភាពាណិជ្ជកម្មកម្ពុជា មានបណ្តាញសមាជិកជាធុរជនជាច្រើន ទាំងក្នុងប្រទេស និងអន្តរជាតិ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា អនុស្សរណៈនេះ គឺជាសារយ៉ាងច្បាស់ថា នៅកម្ពុជា ទាំងវិស័យសាធារណៈ និងវិស័យឯកជន មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងវប្បធម៌ធុរកិច្ចស្អាតស្អំ និងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព។ ដូច្នេះសូមជ្រើសរើសកម្ពុជា ដើម្បីវិនិយោគដោយទំនុកទុកចិត្ត និងដោយការទទួលខុសត្រូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីកសាងវប្បធម៌ធុរកិច្ចស្អាតស្អំនៅកម្ពុជា ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការកសាងរដ្ឋាភិបាលស្អាតស្អំ និងការធ្វើឱ្យបរិយាកាសវិនិយោគកាន់តែមានភាពទាក់ទាញ។

យោងតាមខ្លឹមនៃ MoU ភាគីទាំងពីរ មានការប្តេជ្ញាចិត្តសំខាន់ ២ គឺ៖ ទី១. តួនាទី និងការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ផ្តល់ការសម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យប្ដឹងពីសមាជិកមកកាន់ អ.ប.ព. ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន និងផ្តល់ការសហការជាមួយ អ.ប.ព. ក្នុងករណីចាំបាច់ណាមួយតាមសំណើរបស់ អ.ប.ព. ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយទៅសមាជិក របស់ខ្លួន។

ទី២. ការប្តេជ្ញាចិត្តរបស់ អ.ប.ព. គឺ អ.ប.ព. ប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមនិងការប្តេជ្ញារបស់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ជាមួយគ្នានេះ អ.ប.ព. នឹងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាង ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលត្រូវបានផ្តល់ជូនដោយសុចរិត និងស្របតាមច្បាប់ ព្រមទាំងធានាថា ព័ត៌មានដែលទទួលបាននឹងត្រូវបានពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ច និងនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីមានព័ត៌មាន ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើពុករលួយ អ.ប.ព. នឹងពិនិត្យ និងចាត់វិធានការសមស្របតាមសមត្ថកិច្ចដែលច្បាប់បានកំណត់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព វិជ្ជាជីវៈនិងការគោរពនីតិវិធីច្បាប់។

ទន្ទឹមនឹងនេះ ស្ថាប័នទាំងពីរ បានព្រមព្រៀងគ្នា រំពឹងទុក និងត្រៀមនូវការងារសំខាន់ៗ ៤ បន្ទាប់ពីការចុះ MoU គឺ៖ (១). រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជូន ដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនផង នៅតាមស្ថាប័នរៀងៗខ្លួនផង ដោយរួមស្ថាប័នផង, (២). រៀបចំ និងរក្សាកិច្ចសន្ទនាជាប្រចាំតាមការចាំបាច់ និងប្រចាំឆ្នាំជាមួយគ្នាដើម្បីពិនិត្យដោះស្រាយ ការលំបាក និងបញ្ហាប្រឈមនានា ក្នុងវិស័យឯកជន, (៣). ចាត់តាំងជនបង្គោលសម្រាប់ប្រាស្រ័យទាក់ទងគ្នាបានលឿន និងជាប្រចាំ, (៤). ទទួល និងដោះស្រាយនូវរាល់សំណើ - សំណូមពរ - ព័ត៌មាន និងពាក្យប្ដឹងនានា ទាំងតាមរយៈជន បង្គោលសភាពាណិជ្ជកម្មកម្ពុជា និងតាមរយៈការទំនាក់ទំនងមក អ.ប.ព. ផ្ទាល់ ដោយរក្សានូវការផ្តល់ព័ត៌មាន -ជូនដំណឹងគ្នាតាមការចាំបាច់ និងដោយការគោរពតាមគោលការណ៍រក្សាការសម្ងាត់ឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍ប្រភព និងអ្នកពាក់ព័ន្ធព័ត៌មាន ដែលបានផ្តល់មក។

ស្ថាប័នទាំងពីរក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិន ដែលជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមគាំទ្រដល់ការអនុវត្ត MoU តាមអាណត្តិ និងតួនាទីរៀងខ្លួន សំដៅឈានទៅសម្រេចបាននូវគោលដៅរួមរបស់យើងទាំងអស់គ្នា គឺកម្ពុជាមានវប្បធម៌ធុរកិច្ចស្អាតស្អំ- បរិយាកាសវិនិយោគអំណោយផល -មានឧត្តមភាពប្រកួតប្រជែងប្រកបដោយភាពទាក់ទាញ ដើម្បីកម្ពុជាមានវិបុលភាព និងរីកចម្រើនប្រកបដោយចីរភាពយូរអង្វែង៕

អត្ថបទ៖ សៀម ប៊ុនធី និង ចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី, អ៊ុន ផាន់ណាត់ និងកែវ ភិរុណ