ព័ត៌មានជាតិ

កម្ពុជា និងហ្គាណា កំពុងស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលខាងមុខ

image

ភ្នំពេញ៖នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អែនឌ្រូ អាសៀម៉ា អាមួកូ (Andrew Asiamah Amoako) អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល លោកអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោបានអរគុណចំពោះលោកដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ស្របជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលទទួលរៀបចំនូវសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ។ លោកក៏បានកោតសរសើរចំពោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ក្នុងជំនួបពិភាក្សានោះក៏បានផ្ដោតសំខាន់ទៅលើ ការពង្រីករវាងតំបន់ ជាមួយនឹងតំបន់អាហ្វ្រិក ហើយនៅក្នុងក្របខណ្ឌទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្គាណា គឺកំពុងតែស្វែងរកឱកាសក្នុងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ អេង សុគុណ, ប៉ក់ សុឃីម