ព័ត៌មានជាតិ

ចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, តំណាងសភាកេនយ៉ា កោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា និងបានផ្លាស់ប្ដូរទស្សនៈ ទៅវិញទៅមក ក្នុងនាមប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា

image

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល លោក អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកសមាជិកសភានៃសាធារណរដ្ឋកេនយ៉ា ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
នៅក្នុងជំនួបពិភាក្សានេះ ក៏បានជជែកទៅលើ ការផ្លាស់ប្ដូរទស្សនៈ ជាពិសេសនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍដូចគ្នា។ លោកតំណាងសភានៃប្រទេសកេនយ៉ា បានកោតសរសើរចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា និងកិត្យានុភាពកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងទៅ ក្នុងការស្វែងរកសន្តិភាព តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលនាំឱ្យប្រទេសទទួលបាននូវសុខសន្តិភាពដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ អេង សុគុណ, ប៉ក់ សុឃីម