ព័ត៌មានជាតិ

កម្ពុជា-ម៉ាល់ឌីវ បង្ហាញឆន្ទ:ក្នុងការការពង្រឹងទំនាក់ទំនងទ្វេរភាគី និងលើកកម្ពស់វិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្ម

image

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា សម្ដេចតេជោក៏បានអរគុណចំពោះលោកដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ លោកក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនិង ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ គឺបានជជែកទៅលើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ អេង សុគុណ, ប៉ក់ សុឃីម