ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន, អនុប្រធានរដ្ឋសភាវៀតណាម កោតសរសើរចំពោះភាពជោគជ័យ នៃពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ជុំវិញពិភពលោក
ភ្នំពេញ៖ ក្រោយបានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនូវសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលោកស្រី ង្វៀន ធី ថាញ់ NGUYEN THI THANH អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនសម្ដេចតេជោពីចំណាប់អារម្មណ៍ និងកោតសរសើរចំពោះភាពជោគជ័យ នៃពិធីបើកដែលប្រព្រឹត្ដិទៅយ៉ាងរលូន។
មានប្រសាសន៍បែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ង្វៀន ធី ថាញ់ NGUYEN THI THANH អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៨ សីហា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល លោកស្រី អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា លោកស្រីក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃពិធីបើកសន្និសីទកាលពីម្សិលមិញ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជុំវិញពិភពលោក។ ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម លោកស្រីបានលើកឡើងថា នៅឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៧០ឆ្នាំហើយ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ជាខួប៥០ឆ្នាំ ដែលសម្ដេចតេជោបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីគៀងគរការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។
សម្ដេចតេជោ ក៏បានអរគុណចំពោះលោកស្រីដែលបានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៦នេះ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ អេង សុគុណ, ប៉ក់ សុឃីម