សម្ដេចតេជោ ហ៊ុន សែន៖ “យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូលទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែងគ្នាដែរ”
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសន្ទរកថាបើកជាផ្លូវការសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានសភា នៃអន្ដរសភាលើកទី២(ISC-2 ) មានប្រសាសន៍ថា ក្នុងស្ថានភាពពិភពលោកយើងអាចមានជម្រើសផ្សេង តែជាជម្រើសនៃការវិលត្រឡប់ទៅរកស្ថានភាពអ្នកខ្លាំងរស់ អ្នកខ្សោយស្លាប់ (survival of the fittest) ពោលគឺការវិលទៅរកសង្គមដែលប្រើ ច្បាប់ព្រៃគ្រប់គ្រង បណ្តាញសកលនៃប្រធានសភារបស់យើង ត្រូវតែហ៊ាននិយាយឱ្យ បានច្បាស់លាស់ និងមានឥទ្ធិពលប្រឆាំងទៅនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនេះ ដោយរៀបចំ ជារណសិរ្ស ដែលមានរចនាសម្ព័ន្ធមិនរង្គោះរង្គើ។
សម្ដេចតេជោ បានឈរលើគោលជំហរដោយត្រូវតែរួមគ្នា និងបដិសេធយ៉ាងដាច់ អហង្ការចំពោះកម្លាំងដែលបង្កអស្ថិរភាពបែបនេះ មិនឱ្យរីករាលដាលពាសពេញតំបន់របស់យើង ឬជ្រៀតចូលទៅក្នុងទីធ្លាក្រោយផ្ទះរបស់យើង។
សម្ដេចតេជោ បន្ដថា ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។ ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែក ទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេង ឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាដែល កាន់តែខ្ពស់។
សម្ដេចតេជោ បានបញ្ជាក់ថា សំណួរដ៏សំខាន់ដែលយើងត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺថា តើយើងត្រូវបន្ថែមភ្នក់ភ្លើង របស់ប្រទេសដទៃ ឬមួយក៏យើងត្រូវខិតខំពន្លឿនការរៀបចំផ្ទះសម្បែងឱ្យបានរៀបរយពន្លឿន ការបង្កើតប្រព័ន្ធប្រកាសអាសន្នផ្ទៃក្នុង និងរៀបចំឧបករណ៍ពន្លត់អគ្គីភ័យរបស់យើង ចម្លើយគឺច្បាស់លាស់ថា យើងដាច់ខាតមិនត្រូវចូលរួមបន្ថែមភ្នក់ភ្លើងសង្គ្រាមឡើយ ហើយក៏មិនត្រូវលោតចូលទៅក្នុងល្បែងជម្លោះរបស់មហាអំណាច ដែលកំពុងប្រកួតប្រជែង គ្នាដែរ។ ផ្អែកលើស្មារតីនេះ សម្ដេចមានមានទស្សនៈថា ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈ យុទ្ធសាស្រ្តចំនួនប្រាំ៖
ទីមួយ - បូរណភាពទឹកដី និងការបង្កកជម្លោះ ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្តារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និង ការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។ យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
(parliamentary ceasefire observer team) ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។
ទីពីរ បណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភាដើម្បីឈានផុតពីការទូតបែបអសកម្ម យើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា ប្រមូលផ្តុំនូវ សមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាព ដោយ សកម្ម។
ទីបី-គណនេយ្យភាពស្ថាប័ន និងដំណោះស្រាយតាមផ្លូវច្បាប់ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវច្បាប់ព្រៃ «អ្នក ខ្លាំងឈ្នះ» ដោយគណនេយ្យភាពស្ថាប័នពិតប្រាកដ ស្ថាប័ននីតិប្បញ្ញត្តិរបស់យើងត្រូវតែ បន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។
ទីបួន–ការការពារសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគី ៖ ដើម្បីការពារសេដ្ឋកិច្ចរបស់យើងពីផលប៉ះពាល់អវិជ្ជមាននៃ ឥទ្ធិពលខាងក្រៅ បណ្តាញប្រធានសភាត្រូវផ្តល់អាទិភាពដល់ការអនុម័ត និងការអនុវត្ត សន្ធិសញ្ញាសេដ្ឋកិច្ចពហុភាគីដែលគ្មានការរើសអើង ដោយទាញយកផលប្រយោជន៍យ៉ាង សកម្មពីក្របខ័ណ្ឌពាណិជ្ជកម្មតំបន់ដែលមានស្រាប់ ដើម្បីទប់ស្កាត់មហាអំណាចមិនឱ្យចាត់ទុកប្រទេសតូចតាចជាកូនអុកដែលអាចទាត់ចោល។
ទីប្រាំ-ការការពារកេរ្តិ៍ឈ្មោះ៖ ដើម្បីប្រឆាំងនឹងការ វាយប្រហារលើកិត្យានុភាព និងការធ្វើឱ្យបាត់បង់ធម្មានុរូបជាប្រព័ន្ធចំពោះរដ្ឋដែលទន់ខ្សោយ យើងចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចសភាកម្រិតខ្ពស់ឱ្យបានសកម្ម ដើម្បីបង្ហាញ ពីការពិតជាក់ស្តែងនៅលើទឹកដី និងលុបបំបាត់ចោលដោយប្រសិទ្ធភាពនូវព័ត៌មានមិនពិត និងការខិតខំបង្កអស្ថិរភាពពីខាងក្រៅ៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ អេង សុគុណ, ប៉ក់ សុឃីម