សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រាប់អន្តរជាតិថា "កម្ពុជាត្រូវបានខូចខាត ដោយសារជម្លោះដ៏ធ្ងន់ធ្ងរ ដែលនាំឱ្យមានការផ្ទុះឡើង នូវការប្រយុទ្ធគ្នាជាច្រើនលើក និងការឈ្លានពានព្រំដែនខុសច្បាប់"
អត្ថបទ៖ ហ៊ន សុភ័ក្រ
---------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "នៅក្នុងឆ្នាំ ២០២៥ សន្តិភាពដែលបានបន្តឥតដាច់រយៈពេល២៦ ឆ្នាំ ដែលជាកំណត់ត្រាសន្តិភាពវែងជាងគេបំផុត មិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រទំនើបជាង ៥០០ ឆ្នាំ របស់កម្ពុជាត្រូវបានខូចខាត ដោយសារជម្លោះដ៏ធ្ងន់ធ្ងរ ដែលនាំឱ្យមានការផ្ទុះឡើងនូវការប្រយុទ្ធគ្នាជាច្រើនលើក និងការឈ្លានពានព្រំដែនខុសច្បាប់ "។
នេះជាការថ្លែងសុន្ទរកថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើក “សន្និសីទប្រធានសភានអន្តរសភា លើកទី២ ក្រោមប្រធានបទ “សន្តិភាព ភាពធន់ និង វិបុលភាពរួម៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ពិភពលោកដែលមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ» ដែលបានធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦។
សម្តេចធិបតី បានបញ្ជាក់ថា "ការណ៍នេះ គឺជាសាររំលឹកយ៉ាងច្បាស់ អំពីភាពស្រួយនៃសន្តិសុខជាតិ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលគ្មានស្ថិរភាព ។ ទោះបីជាការឈ្លានពាននេះ បានបន្ទច់បង្អាក់ការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់យើង ក្នុងអំឡុងពេលមួយក៏ដោយ, ក៏រាជរដ្ឋាភិបាល និង ប្រជាជនដ៏រឹងមាំរបស់កម្ពុជាបានស្រុះគ្នាធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារបូរណ-ភាពទឹកដី និង អធិបតេយ្យជាតិ "។
សម្តេចធិបតី បានបញ្ជាក់ដែរថា "កម្ពុជាតែងតែខិតខំស្វែងរកនូវដំណោះស្រាយដោយសន្តិវិធី ដោយប្រើប្រាស់យន្តការកិច្ចសន្ទនា និង ច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងការកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា "។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា"នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបន្តប្ដេជ្ញាចិត្តឥតងាករេ ចំពោះការកសាងសន្តិភាពឱ្យបានយូរអង្វែងឡើងវិញ, ជំរុញការស្តារទំនុកចិត្តសាធារណៈ និង ការពង្រឹងភាពធន់របស់រដ្ឋប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ និង លើសកលលោក ដែលមិនអាចប៉ាន់ប្រមាណបាន ។ វឌ្ឍនភាពរបស់យើង គឺជាសក្ខីភាពដ៏រឹងមាំនៃ «កម្ពុជាថ្មី» ដែលសម្លឹងឆ្ពោះទៅអនាគត ក្នុងឋានៈជាប្រជាជាតិមួយប្រកបដោយស្ថិរភាពនយោបាយរឹងមាំ, មានជវភាពសេដ្ឋកិច្ច, ទំនើបកម្មរចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និង ការចូលរួមដោយបុរសកម្មជាមួយសហគមន៍អន្តរជាតិ"៕