ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ និងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងឯកជន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យរ៉ែ និងថាមពល
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅអគារធនាគារវីង (Wing Tower) បានរៀបចំកិច្ចប្រជុំពិភាក្សារវាង សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានសម្រាប់កម្ពុជា (ASEAN BAC Cambodia)។
កិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងរ៉ែ និងថាមពល, សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ប្រធាន ឬតំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត,សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជារដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), និង ប្រធាន ឬ តំណាងគ្រឹះស្ថាន សមាគម ធុរជន ក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង៖
១. ពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន៖ បង្កើតវេទិការសន្ទនាដោយផ្ទាល់ និងមានតម្លាភាព រវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលតំណាងឲ្យវិស័យឯកជន, ធុរជន សមាគធុរកិច្ច និងអ្នកវិនិយោគ និងក្រុមហ៊ុនឯកជន នៅក្នុងស្រុក ដើម្បីទទួលយកនៅអនុសាសន៍ ផ្លាស់ប្តូរព័ត៌មាន និងយោបល់នានាលើការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅកម្ពុជា។
២. ដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់៖ បើកឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម ឧបសគ្គបច្ចេកទេស និងកង្វល់ជាក់ស្តែងរបស់សមាគមធុរកិច្ច, សហគ្រាស/ក្រុមហ៊ុនឯកជន ទាក់ទងនឹងការប្រើប្រាស់ថាមពល ថ្លៃដើមអគ្គិសនី និងបទដ្ឋានគតិយុត្ត មកពិភាក្សាដោយផ្ទាល់ ដើម្បីស្នើសុំដំណោះស្រាយ និងការសម្របសម្រួលពីភាគីរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងរ៉ែនិងថាមពល។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តរក្សានូវអាទិភាពគន្លឹះចំនួន ៤ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង» និងបានបន្ថែមអាទិភាពគន្លឹះទី៥ គឺ «បច្ចេកវិទ្យា» ដើម្បីឆ្លើយតបទៅនឹងបរិវដ្តកម្មឌីជីថលសកល។ អ្នកឧកញ៉ា បានបន្ថែមថា វិស័យរ៉ែ និងថាមពល គឺជាសសរទ្រូងសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្ម ទាក់ទាញការវិនិយោគទុនបរទេស និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលវិស័យនេះកំពុងត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ និងបរិបទសកលលោក។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា វិស័យឯកជនគឺជាដៃគូរបស់រាជរដ្ឋាភិបាលដែលមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យរ៉ែ និងថាមពល។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យផ្នែកឯកជនទាំងអស់ប្រើប្រាស់យន្តការក្រុមការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជាជាច្រកចេញចូលតែមួយគត់ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងក្តីកង្វល់នានា សំដៅស្វែងរកដំណោះស្រាយ និងការសម្របសម្រួលពីសំណាក់ភាគីរាជរដ្ឋាភិបាល។ ឯកឧត្តម ក៏បានស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្តរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សារវាងរដ្ឋ និងឯកជនបែបនេះជាបន្តបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័ននីមួយៗ ដើម្បីបង្កើតឱ្យមានកិច្ចសន្ទនាដោយផ្ទាល់ និងមានតម្លាភាព ជាមួយតំណាងធុរជន និងក្រុមហ៊ុនឯកជន៕
រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត់