សង្គម

សម្ដេច តេជោ ផ្ដល់ទស្សនទាន៣ចំណុច ដេីម្បីជំរុញទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ឲ្យកាន់តែរឹងមាំ

image


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ទស្សនទាន៣ចំណុចដល់ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា
ដើម្បីឲ្យទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន ជុំវិញវិស័យ ទេសចរណ៍ , នយោបាយ ដោយការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងការវិនិយោគ ពាណិជ្ជកម្ម។

មានប្រសាសន៍បែបនេះ នាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទៅ២៥ ខែសីហា ឆ្នាំ២០២៦នេះនាវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជារាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោបានសម្ដែងការអបអរសាទរដែល លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi)ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដោយសម្ដេចតេជោបានបង្ហាញក្ដីសង្ឃឹមថា ក្នុងអាណត្ដិនៃបេសកកម្មការងាររបស់ឯកឧត្ដម នឹងញុំាងឲ្យទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន។
នាឱកាសនោះ លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) បានបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ តាមរយ:ការផ្លាសប្ដូរជាបន្ដបន្ទាប់នៃដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត និងការផ្លាស់ប្ដូរនូវទស្សនកិច្ចធុរជនដែលជាផ្នែកពង្រឹងបន្ថែមលើការវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះលោក បានលើកឡើងថា កម្ពុជា-អារ៉ាប៊ីសាអូឌីត នៅមានសក្កានុពលជាច្រើនទៀតដែលធ្វើជាមួយគ្នាបានពិសេសពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យកាន់តែកើនឡើង ហើយលោកសង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងរីកចម្រើនថែមមួយកម្រិតទៀតតាមរយ:ទំនាក់ទំនងរវាងរដ្ឋាភិបាល ទំនាក់ទំនងនយោបាយ រួមទាំងប្រជាជន និងប្រជាជន។

ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងការពេញចិត្ដជុំវិញការលើកឡើងរបស់លោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi)ពីទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដោយសម្ដេចតេជោ បានសង្កត់ធ្ងន់លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោ បានចាត់ទុកថាជាចំនុចស្នូលនៃទំនាក់ទំនងទ្វេរភាគី។

សម្ដេចតេជោ បានផ្ដល់ទស្សនទាន៣ចំណុចបន្ថែមដើម្បីឲ្យទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន៖
១.ការផ្លាស់ប្ដូរទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឲ្យកាន់តែញឹកញាប់ដើម្បីបង្កើនជំនឿជឿជាក់គ្នាទៅវិញទៅមក។
២.ការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកវិនិយោគ ធុរជន រវាងប្រទេសទាំងពីរ ដែលនាំឲ្យមានឱកាសអាចធ្វើកិច្ចការជាមួយគ្នា និងចង់ឃើញអ្នកវិនិយោគអារ៉ាប៊ីសាអូឌីត មកកម្ពុជាកាន់តែច្រើន ពិសេសវិនិយោគលើការកែច្នៃដើម្បីនាំផលិតផលកសិកម្មរបស់កម្ពុជានាំទៅអារ៉ាប៊ីសាអូឌីត។
៣.ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែស្អិតល្មួត ពិសេសលើវិស័យទេសចរណ៍ ៕

អត្ថបទ ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង