សម្តេចធិបតី ជំរុញឲ្យសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ បន្ថែមទៀត
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
--------
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញក្រសួងសាធារណៈ និង ដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ត្រូវបន្តសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម និង កម្ពុជា- ឡាវ បន្ថែមទៀត ស្របតាមការពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងរដ្ឋាភិបាលវៀតណាម និង រដ្ឋាភិបាលឡាវ កន្លងមក ព្រមទាំង ប្រឹងប្រែងជំរុញការសិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ ដូចជា ការតភ្ជាប់រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា និង ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ របស់វៀតណាម។
មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុបជាង ៩៨គ.ម នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហាររបស់កម្ពុជា និងទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់របស់ឡាវ ការជំរុញការបើកប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនម៉ឺនជ័យ ខេត្តព្រៃវែងរបស់កម្ពុជា និង ច្រកទ្វារព្រំដែនតឹនណាម ខេត្តតៃនិញរបស់ វៀតណាម និងការជំរុញបើកច្រកទ្វារព្រំដែនរវាងខេត្តរតនគិរីរបស់កម្ពុជា និង ខេត្តអាត់តាពើ របស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រំហូរទេសចរណ៍ ការដឹកជញ្ជូន, និងការតភ្ជាប់រវាងប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ ៕