ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងជិត១០០គីឡូម៉ែត្រ នៅខេត្តក្រចេះ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី

———-
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុបជាង ៩៨គ.ម នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា "កំណាត់ផ្លូវជាតិលេខ៧៣៖ មានប្រវែង៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ មានចំណុចចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ចំណុចបញ្ចប់នៃស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ត្បូងឃ្មុំ-ក្រចេះ) ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៥សង់ទីម៉ែត្រ មានទទឹងពី ១០ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លងនៅក្រៅ ទីប្រជុំជន) និងទទឹងពី ១៥ម៉ែត្រ រហូតដល់ ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង នៅក្នុង ទីប្រជុំជន)។ ចំណែកឯ ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូល ព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៥៩៣គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្ត ក្រចេះ។ ផ្លូវខេត្តទាំង ២ខ្សែនេះ ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក មានកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៨ម៉ែត្រ រហូតដល់ ១១ម៉ែត្រ សម្រាប់ការធ្វើចរាចរណ៍ ២គន្លងទៅ-មក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ (នៅលើផ្លូវខេត្តលេខ៣៧៧) និងការជួសជុលកែលម្អស្ពានចាស់ចំនួន ៣កន្លែង។ បន្ថែមពីលើនេះ គម្រោងនេះក៏បានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន បច្ចេកទេសផ្លូវថ្នល់ផងដែរ"។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្តថា "រយៈពេលសាងសង់ចំនួន ២១ខែ និងរយៈពេលថែទាំចំនួន ៥០ខែ ។ ចំពោះថវិកាសាងសង់វិញ ខ្សែផ្លូវទាំង ៣ខ្សែនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។

លោកស្រី ថាញ៉ា មេយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងបង្ហាញពីអត្ថប្រយោជន៍ដែលផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តក្រចេះដែលរាជរដ្ឋាភិបាលបានខិតខំកែលំអរនេះ បានជួយសម្រួលការលំបាកច្រើនសំរាប់ប្រជាជនរដ្ឋ ។ លោកស្រីបានបន្តថា "ធនាគារពិភពលោកនឹងបន្តសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាតអភិវឌ្ឍកម្ពុជា"៕