សង្គម

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ជម្រាបជូនសម្ដេចតេជោថា ប្រធានាធិបតីរុស្ស៊ី បើកទ្វាររង់ចាំដំណើរទស្សនកិច្ច របស់សម្ដេច ទៅកាន់ប្រទេសរុស្ស៊ី នៅពេលឆាប់ៗខាងមុខ

image


ភ្នំពេញ៖ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា លោកផ្ទាល់ និងថ្នាក់ដឹកនាំ របស់រុស្ស៊ី ពិសេស ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌៀមៀ ពូទីន រង់ចាំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខ។

មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីនាពេលនេះជាផ្នែកនាំឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរ ដោយសម្ដេចតេជោ បានរំលេចថា ឆ្នាំនេះទំនាក់ទំនងកម្ពុជា-រុស្ស៊ីបានឈានដល់ខួប៧០ឆ្នាំហើយ ដែលបានបង្ហាញពីទំនាក់ទំនងដ៏តឹងមាំនិងមានវ័យចំណាស់ជាមួយគ្នា។

នាឱកាសនោះលោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី បានកោតសរសើរពីសម្ដេចតេជោ ដែលជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ី បានស្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាតួនាទីរបស់កម្ពុជាលើឆាកអន្ដរជាតិ បន្ថែមពីនេះលោក ក៏បានជម្រាបជូនសម្ដេចតេជោ ពីការមកដល់របស់លោកដែលបានជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា ដូចជាជំនួបជាមួយសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រីកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស ដែលក្នុងជំនួបទាំងនេះគឺបានជជែកគ្នាពីកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-រុស្ស៊ី ផ្ដោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ និងការពង្រឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបន្ដកើនឡើង។

សម្ដេចតេជោ បានសម្ដែងការពេញចិត្ដជុំវិញការលើកឡើងរបស់លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី អំពីទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដោយសម្ដេចបានចាត់ទុកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាចំណុចស្នូលក្នុងការពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

បន្ថែមពីនេះសម្ដេចតេជោ បានរំលឹកពីកិច្ចការមួយចំនួនដែលសម្ដេចបានធ្វើតាំងពីសម្ដេចនៅជារដ្ឋមន្ដ្រីការបរទេស បន្ដមកជានាយករដ្ឋមន្ដ្រីដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងកិច្ចការជាច្រើនដែលសម្ដេចបានធ្វើជាមួយមេដឹកនាំរបស់រុស្ស៊ី ហើយសម្ដេចក៏បានអរគុណដល់រដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងកម្ពុជា ជាពិសេសគឺការជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា។

ស្របជាមួយគ្នានេះ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី បានលើកឡើងថា លោក និងថ្នាក់ដឹកនាំ របស់រុស្ស៊ី ពិសេស ប្រធានាធិបតីរុស្ស៊ីឯកឧត្ដម វ្លាឌៀមៀ ពូទីន រង់ចាំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះសម្ដេចកំពុងពិនិត្យមើលពីកាលវិភាគកាងារ ដើម្បីកំណត់ពីពេលវេលានៃដំណើរទស្សនកិច្ចរបស់សម្ដេចក្នុងពេលសមស្របណាមួយក្នុងពេលដ៏ឆាប់ខាងមុខ ហើយស្របជាមួយគ្នានេះកម្ពុជាក៏កំពុងត្រៀមទទួលលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្សីរួបរួម លោក ឌីមីទ្រី មេដវេឌេវ (Dmitry Medvedev) ដែលគ្រោងមកទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះផងដែរ៕

អត្ថបទ ៖ ឈឹម ធីតា
រូបភាព ៖ ង៉ាន់ សំណាង