ចិនផ្តល់ឧបករណ៍បច្ចេកវិទ្យាទំនើបដល់ ACU ដើម្បីចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា និងបង្ហាញពីចំណងមិត្តភាពកម្ពុជា-ចិន
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ប្រព័ន្ធកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដល់អង្គភាពប្រឆាំងអំពើពុករលួ(អ.ប.ព./ACU) ដែលបង្ហាញពីចំណងមិត្តភាពរវាងកម្ពុជា-ចិន និងក៏ស្របពេលដែលបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានសភាពស្មុគស្មាញ ត្រូវពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង ដែលស្ថាប័នប្រឆាំងអំពើពុករលួយចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងឧបករណ៍ស៊ើបអង្កេតរបស់ខ្លួនជាប្រចាំ។
ពិធីប្រគល់ទទួលប្រព័ន្ធកុំព្យូទ័រសមត្ថភាពខ្ពស់នេះ បានធ្វើឡើងក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានកោតសរសើរចំពោះការគាំទ្រដ៏យូរអង្វែងរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា និងតួនាទីដ៏សំខាន់នៃ "គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ" ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៃភាពជាដៃគូនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា និងបានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ ម្យ៉ាងវិញទៀត បង្ហាញពីរបៀបដែលប្រទេសទាំងពីរបន្តប្រែក្លាយចំណងទាក់ទងមិត្តភាពដ៏រឹងមាំទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដដល់ស្ថាប័ន និងប្រជាជនប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមក សាមគ្គីភាព និងការអភិវឌ្ឍរួម។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជក់ថា សម្ភារសមត្ថភាពខ្ពស់ ដែលបានផ្តល់នាពេលនេះ ជាការចូលរួមចំណែកលើកកម្ពស់យ៉ាងសំខាន់ដល់សមត្ថភាពប្រតិបត្តិការរបស់ ACU ជាពិសេសលើផ្នែកកោសល្យវិច័យឌីជីថល ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិក និងការវិភាគទិន្នន័យ។ សមត្ថភាពដែលត្រូវបានពង្រឹងទាំងនេះនឹងអនុញ្ញាតឱ្យ ACU អាចទប់ស្កាត់ រកឱ្យឃើញ និងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព នៅក្នុងបរិបទឌីជីថលដែលកាន់តែមានការវិវឌ្ឍទៅមុខជានិច្ច។ តាមរយៈការកសាងសមត្ថភាពស្ថាប័ន និងការស៊ើបអង្កេតនេះ ACUក៏កំពុងតែពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធអភិបាលកិច្ចដែលមានតម្លាភាព ផ្អែកលើនីតិរដ្ឋ និងមានគណនេយ្យភាព ផងដែរ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចាត់ទុកបរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ACU នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់។ ជាពិសេសនឹងបន្តគាំទ្រដល់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិន កំពុងប្រតិបត្តិការនៅកម្ពុជា ដែលនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
នាឱកាសនោះដែរ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានរំពឹងថា ឧបករណ៍បច្ចេកវិទ្យាទំនើបនេះនឹងចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។ កម្ពុជារក្សាបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទតាំងពីយូរណាស់មកហើយក្នុងការប្រឆាំងអំពើពុករលួយ និងការបណ្តុះបណ្តាលធនធានមនុស្ស ហើយសម្រេចបានលទ្ធផលគួរឱ្យគាត់សម្គាល់នាពេលកន្លងមក និងបន្តទៀតនៅពេលអនាគត់។
លោក វ៉ាង វិនពីន បានបញ្ជាក់ថា កម្ពុជា-ចិន មានបំណងរួមគ្នាបណ្តុះបណ្តាល និងកសាងភាពស្អាតស្អំ និងបន្តការគាំទ្រគ្នាទៅវិញទៅមកតាមលទ្ធភាពដែលអាចធ្វើទៅបាន ទាំងផ្នែកបរិក្ខា សម្ភារ និងការណ្តុះបណ្តាលធនធានមនុស្ស ជាដើម ដើម្បីសម្រេចកិច្ចការប្រឆាំងអំពើពុករលួយ។ កន្លងមកACU ក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសចិនមួយចំនួននៅកម្ពុជាលើការប្រឆាំងអំពើពុករលួយផងដែរ ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍យុតិធម៌ និងប្រសិទ្ធភាព ដោយបានចាត់វិធានការសកម្ម និងសម្រុះសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ជម្លោះដីធ្លីដែលបានទប់ស្កាត់ការរាំងស្ទះដល់ការងារសហគ្រាសចិននៅកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ការណ៍នេះពិតជាបានការពារនូវផលប្រយោជស្របច្បាប់សហគ្រាសចិននៅកម្ពុជា ហើយសង្ឃឹមថា នឹងអាចទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើឡើងបន្ថែមទៀត។ លោកបានសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យលើការប្រឆាំងអំពើពុករលួយ ដែលបានមកពីការខិតខំ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្តេជ្ញាចិត្តថា អ.ប.ព. ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយស្ថានទូតចិន និងស្វាគមន៍ចំពោះការបន្តកិច្ចសហការលើការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងការអភិវឌ្ឍស្ថាប័ន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕