ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាអំពីការអភិវឌ្ឍវិស័យកសិកម្ម នៅសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែង

image

ព្រៃវែង៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាអំពីការអភិវឌ្ឍវិស័យកសិកម្ម នៅសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ដែលមានទីតាំងនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រមទាំងចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ ដែលរៀបចំដោយ ឯកឧត្តម អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍ និងប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើប ព្រមទាំងស្វែងយល់ពីសក្តានុពលនៃការដាំ និងការប្រមូលទិញ និងការធ្វើទីផ្សារផលិតផលកសិកម្មក្នុងស្រុក។

ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហការជាមួយសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្ម ការបង្កើនការវិនិយោគ ការកែច្នៃផលិតផលកសិកម្ម និងការពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

ជាមួយគ្នានេះ ការចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព ភាពស្និតស្នាល និងការពង្រឹងទំនាក់ទំនងរវាង សភាពាណិជ្ជកម្មកម្ពុជា និងថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព សមត្ថភាព និងសក្តានុពលរបស់កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងតួនាទីដ៏សំខាន់របស់កំពង់ផែ ក្នុងការគាំទ្រដល់ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និង អ៊ុន ផាន់ណាត់