ព័ត៌មានជាតិ

សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី សម្រេចការលក់បាន ១៨៦លានរីងហ្គីត លើសគោលដៅ ក្នុងបេសកកម្មជំរុញការនាំចេញមកកម្ពុជា

image

ភ្នំពេញ៖ សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) សម្រេចបានទឹកប្រាក់ពីការលក់ចំនួន ១៨៦ លានរីងហ្គីត (ប្រមាណ ៤៥,១៣ លានដុល្លារអាម៉េរិក) ក្នុងបេសកកម្មជំរុញការនាំចេញ (Export Acceleration Mission - EAM) មកកាន់កម្ពុជា ដែលលើសពីគោលដៅដើមចំនួន ១០០លានរីងហ្គីត។

បេសកកម្មនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ និងដឹកនាំដោយ លោក YB Dato’ Seri Reezal Merican Naina Merican ប្រធាន MATRADE ដោយមានការចូលរួមពីក្រុមហ៊ុនម៉ាឡេស៊ីចំនួន ២៦ មកពីវិស័យដែលមានសក្តានុពលកំណើនខ្ពស់ រួមមាន ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (FMCG) អាហារវេចខ្ចប់ដែលទទួលបានវិញ្ញាបនបត្រហាឡាល់ ជីវជី និងធាតុចូលកសិកម្មឯកទេស ផលិតផលប្រេងដូង ផលិតផលថែរក្សាផ្ទាល់ខ្លួន ព្រមទាំងដំណោះស្រាយវិស្វកម្មឧស្សាហកម្ម។

ក្នុងអំឡុងបេសកកម្ម MATRADE បានសម្របសម្រួលកិច្ចប្រជុំធុរកិច្ចទល់មុខគ្នា (B2B) ជាង ២៦០លើក ដោយភ្ជាប់ក្រុមហ៊ុននាំចេញរបស់ម៉ាឡេស៊ីជាមួយអ្នកនាំចូល ក្រុមហ៊ុនលក់រាយ និងអ្នកចែកចាយសំខាន់ៗនៅកម្ពុជា។

បេសកកម្មនេះ ក៏បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងម៉ាឡេស៊ី និងកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ៥,០ ពាន់លានរីងហ្គីត (១,១៧ ពាន់លានដុល្លារអាម៉េរិក) ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ៥១,១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដល់ ៣,៣២ ពាន់លានរីងហ្គីត (៨៣៣,២ លានដុល្លារអាម៉េរិក)។

ចំណុចសំខាន់មួយនៃបេសកកម្មនេះ គឺកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់រវាងលោក YB Dato’ Seri Reezal Merican និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ កិច្ចប្រជុំនេះ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងជំរុញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ជាថ្មីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ។

បេសកកម្មនេះ ក៏បានពិភាក្សាពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាល់ រួមមានកិច្ចសហប្រតិបត្តិការបច្ចេកទេស ការកសាងសមត្ថភាព និងការផ្តល់វិញ្ញាបនបត្រ។ MATRADE បានបង្ហាញការត្រៀមខ្លួនក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍហាឡាល់កម្ពុជា ឆ្នាំ២០២៥-២០២៩ ដើម្បីពង្រឹងពាណិជ្ជកម្មផលិតផលហាឡាល់ និងការតភ្ជាប់រវាងម៉ាឡេស៊ី និងកម្ពុជា ព្រមទាំងតំបន់មេគង្គទាំងមូល។

លោក YB Dato’ Seri Reezal Merican បានមានប្រសាសន៍ថា ជោគជ័យរបស់ MATRADE មិនត្រឹមតែវាស់វែងតាមទំហំទឹកប្រាក់នៃការលក់ដែលសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈភាពជាដៃគូរយៈពេលវែង និងឱកាសអាជីវកម្មដែលបានបង្កើតឡើងផងដែរ។

លោកបានបញ្ជាក់ថា ការសម្រេចបានការលក់ចំនួន ១៨៦លានរីងហ្គីត ដែលខ្ពស់ជាងគោលដៅដើម ១០០លានរីងហ្គីត គឺបង្ហាញពីទំនុកចិត្តដ៏រឹងមាំ និងតម្រូវការកើនឡើងរបស់វិស័យធុរកិច្ចកម្ពុជាចំពោះផលិតផល និងសេវាកម្មរបស់ម៉ាឡេស៊ី។ លោកចាត់ទុកបេសកកម្មនេះថា ជាឱកាសសម្រាប់ជំរុញពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ឱ្យឈានចេញពីប្រតិបត្តិការទិញលក់ជាលក្ខណៈបុគ្គល ទៅជាភាពជាដៃគូកាន់តែស៊ីជម្រៅ ការតភ្ជាប់អាជីវកម្មកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ។

ដើម្បីរក្សាសន្ទុះនេះ MATRADE នឹងបន្តតាមដាន និងសម្របសម្រួលកិច្ចពិភាក្សាអាជីវកម្មដែលបានបង្កើតឡើងក្នុងអំឡុងបេសកកម្ម តាមរយៈការិយាល័យអចិន្ត្រៃយ៍របស់ខ្លួននៅរាជធានីភ្នំពេញ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំសាជីវកម្ម និងអ្នកទិញនៅកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិព័រណ៍ហាឡាល់អន្តរជាតិម៉ាឡេស៊ីលើកទី២២ (MIHAS) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ដើម្បីស្វែងរកឱកាសភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ម៉ាឡេស៊ី និងអន្តរជាតិមកពីវិស័យជាច្រើន។

ជាមួយនឹងលទ្ធផលទាំងនេះ MATRADE ក៏បន្តដើរតួនាទីសំខាន់ក្នុងការជំរុញសមាហរណកម្មអាស៊ាន តាមរយៈការជួយឱ្យអាជីវកម្មម៉ាឡេស៊ីទាញយកអត្ថប្រយោជន៍ពីក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA)។ តាមរយៈការទាញយកអត្ថប្រយោជន៍ពីការលុបបំបាត់ពន្ធគយលើទំនិញក្នុងតំបន់ចំនួន ៩៨,៨៦% ATIGA បានជួយឱ្យក្រុមហ៊ុននាំចេញរបស់ម៉ាឡេស៊ីកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម បង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ដែលកំពុងមានសន្ទុះរីកចម្រើន៕