អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងនាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។
ពិធីជប់លៀងនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា, សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក-សមាជិការាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា និងតំណាងអង្គទូតនៃប្រទេសជាមិត្តប្រចាំកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃទិវាឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៦) និងបានជូនពរឱ្យប្រទេសវៀតណាមបន្តទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន។
ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ មិត្តភាពរបស់យើងមានលក្ខណៈពិសេស និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាន។ មិត្តភាពជាប្រពៃណី ការជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅអតីកាល និងពេលបច្ចុប្បន្ន បានរួមចំណែកដល់សមិទ្ធផលនានាដែលសម្រេចបាន ក្នុងការនាំមកនូវការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត រវាងប្រទេសទាំងពីរ។ ជាពិសេស ដំណើរទស្សនកិច្ចរបស់លោក តូ ឡឺម អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម មកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅវៀតណាម កាលពីខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។
ដោយឡែក លោក ង្វៀន មិញវូ បានលើកឡើងពីសារៈសំខាន់នៃថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ និងបានបើកទំព័រថ្មីនៃសករាជឯករាជ្យ និងសេរីភាពសម្រាប់ប្រទេសវៀតណាម។
លោកបានបញ្ជាក់ថា ក្នុងរយៈពេល៨១ឆ្នាំកន្លងមក ប្រជាជនវៀតណាមបានរួបរួមគ្នា ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ដើម្បីកសាងប្រទេសឱ្យមានឯករាជ្យ ឯកភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន។
លោក ង្វៀន មិញវូ បានបង្ហាញជំនឿថា ទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងវៀតណាម និងកម្ពុជា នឹងបន្តត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរនៅគ្រប់វិស័យ ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានទៅកាន់កម្រិតថ្មីមួយកាន់តែមានភាពស្អិតរមួត ប្រសិទ្ធភាព និងជាក់ស្តែងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបថា ការអញ្ជើញចូលរួមរបស់អ្នកឧកញ៉ា គិត ម៉េង និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ក្នុងពិធីនេះ បានបង្ហាញពីការចូលរួមរបស់វិស័យឯកជនកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ចកម្ពុជា-វៀតណាម៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត