សង្គម

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាជាមួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីត្រៀមចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ នៅសប្តាហ៍ក្រោយនេះ

image


ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) នៅព្រឹកថ្ងៃទី ២០ខែសីហា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកិច្ចពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចស្អាតស្អំ តម្លាភាព និងពង្រឹងទំនុកចិត្តវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សាដ៏សំខាន់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ), និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់កម្ពុជា (ASEAN BAC Cambodia) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អ.ប.ព. និងតំណាងផ្នែកឯកជនជាច្រើនរូប ដែលបានប្រព្រឹត្តទៅនៅអគារវីង ថោវើ (Wing Tower)។

សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតយន្តការសហប្រតិបត្តិការផ្លូវការ រវាងផ្នែកឯកជន និងស្ថាប័នអនុវត្តច្បាប់ ដើម្បីទទប់ស្កាត់ បង្ការ និងរារាំងអំពើពុករលួយ ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ និងភាពរាំងស្ទះនានាក្នុងសកម្មភាពធុរកិច្ច។ តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរ គ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា គោលបំណងដែលសភាពាណិជ្ជកម្មកម្ពុជា ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ គឺដោយសារតែមានការស្នើសុំពីអាជីវករ ពាណិជ្ជករ វិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏ល្អ និងសក្តិសមក្នុងការឈានទៅចុះកិច្ចព្រមព្រៀងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរួមចំណែកធ្វើឱ្យវិស័យធុរកិច្ចនៅកម្ពុជាកាន់តែមានភាពរឹងមាំ រីកចម្រើន និងអាចទាក់ទាញការវិនិយោគថ្មីៗបានកាន់តែច្រើន។

អ្នកឧកញ៉ា បានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺការពង្រឹងអភិបាលកិច្ចល្អ និងបន្តអនុវត្តស្មារតី «ជួយគិត ជួយគូ ជួយធ្វើ ជួយកែ និងជួយជំរុញ» ដើម្បីគាំទ្រ និងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន។

អ្នកឧកញ៉ា បានមានប្រសាសន៍ទៀតថា ប្រសិនបើការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងប្រទេសជួបការលំបាក ឬរអាក់រអួល វាអាចធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភ និងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបណ្តាក់ទុន។ ប៉ុន្តែបើកម្ពុជាមានបរិយាកាសវិនិយោគល្អ និងមានយន្តការរឹងមាំក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ វិនិយោគិនបរទេសនឹងមានទំនុកចិត្តកាន់តែខ្ពស់ ហើយអាចផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា ទៅកាន់ដៃគូ និងវិនិយោគិនដទៃទៀត។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា៖ «ដូចពាក្យស្លោកបុរាណពោលថា "ដៃពីរទះរួមគ្នា ទើបឮសូរ" ការលុបបំបាត់អំពើពុករលួយ និងការបង្កើតបរិយាកាសធុរកិច្ចស្អាតស្អំ មិនអាចសម្រេចបានដោយស្ថាប័នណាមួយតែម្នាក់ឯងនោះឡើយ។ ធុរកិច្ចស្អាតស្អំ តម្លាភាព និងសុចរិតភាព គឺជាគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាកាតាលីករទាក់ទាញការវិនិយោគប្រកបដោយចីរភាព។ សភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាធ្វើជាស្ថាប័នគំរូ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងបង្កើនទំនុកចិត្តជូនដល់ធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។»

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក្នុងការដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ និងការចូលរួមពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលជាការងារដ៏មានសារៈសំខាន់សម្រាប់ពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងលើកកម្ពស់អភិបាលកិច្ចល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបង្ហាញមោទនភាពចំពោះការចាប់ដៃគ្នាជាចំហររវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតែមួយតំណាងឲ្យវិស័យឯកជននៅកម្ពុជា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបង្កើនទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ កង្វល់ និងបញ្ហាប្រឈមរបស់វិស័យឯកជន ក៏ជាកង្វល់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងរួមគ្នាស្វែងរកដំណោះស្រាយផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍវិស័យឯកជន ដោយចាត់ទុកវិស័យនេះជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ទិសដៅសំខាន់ៗនៃសេចក្តីព្រាងកិច្ចសហប្រតិបត្តិការ៖
• នាទីជាច្រកចេញចូលតែមួយ: សភាពាណិជ្ជកម្មកម្ពុជា បន្តដើរតួនាទីជាតំណាងសម្លេងរួមនៃផ្នែកឯកជន និងជាច្រក សម្របសម្រួលក្នុងការទទួល និងបញ្ជូនសំណើ ឬបញ្ហាប្រឈមរបស់ធុរជន និងវិនិយោគិនទៅកាន់ អ.ប.ព. ដើម្បី ដោះស្រាយបានទាន់ពេលវេលា។
• ការអនុវត្តតាមច្បាប់ និងក្រមសីលធម៌៖ ភាគីទាំងពីររួមគ្នារក្សានូវវប្បធម៌ស្អាតស្អំ តម្លាភាព និងសុចរិតភាព ដោយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយស្មោះត្រង់ និងមិនចូលរួមក្នុងសកម្មភាពពុករលួយ ឬសូកប៉ាន់ឡើយ។
• ការធានាការរក្សាការសម្ងាត់ និងសុវត្ថិភាព: អង្គភាពប្រឆាំងអំពើពុករលួយ នឹងទទួលយកភស្តុតាង និងបណ្តឹងតវ៉ា នានា តាមរយៈច្រក ស.ព.ក. ដោយធានានូវការរក្សាការសម្ងាត់ដាច់ខាត និងការពារសុវត្ថិភាពជូនដល់ភាគី ឬបុគ្គល ដែលបានផ្តល់ព័ត៌មាន។
• ការបង្កើតមន្ត្រីសម្របសម្រួល៖ ភាគីទាំងពីរនឹងចាត់តាំងសមាសភាពប្រចាំការ/មន្ត្រីសម្របសម្រួលច្បាស់លាស់ ដើម្បីធ្វើទំនាក់ទំនងផ្ទាល់ និងទាន់ហេតុការណ៍រវាងស្ថាប័នទាំងពីរ។
• ការគាំទ្រយុទ្ធសាស្ត្ររាជរដ្ឋាភិបាល៖ កិច្ចសហប្រតិបត្តិការនេះ ជាការឆ្លើយតបយ៉ាងសកម្មទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក «អភិបាលកិច្ចល្អ និងការកែទម្រង់ស្ថាប័ន» ជាបេះដូងនៃយុទ្ធសាស្ត្រជាតិ៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត