ក្រោយទទួលបានអនុសាសន៍របស់សម្តេចតេជោ! ក្រុមការងារពិសេសរួមមួយ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតប ចំពោះបញ្ហាពាក់ព័ន្ធនឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
ភ្នំពេញ៖ ក្រុមការងារពិសេសរួមមួយ (Task Force) ដែលមានតួនាទី ភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល ចែករំលែកព័ត៌មាន តាមដាន និងឆ្លើយតបចំពោះបញ្ហាពាក់ព័ន្ធនឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងមានការសហការជួយគ្នាទៅវិញទៅមក។
ការសម្រេចបង្កើតក្រុមការងារពិសេសនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានដឹកនាំកិច្ចប្រជុំចង្អៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៥ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដើម្បីពិភាក្សាលើអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីពង្រឹងកិច្ចសហការអន្តរក្រសួង-ស្ថាប័ន ព្រមទាំងពង្រីកវិសាលភាព និងដាក់ចេញនូវវិធានការបន្ត ក្នុងការលើកកម្ពស់សីលធម៌សង្គម ការពារ និងលើកតម្លៃស្ត្រី ព្រមទាំងពង្រឹងតម្លៃ និងសុភមង្គលគ្រួសារខ្មែរ។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានណែនាំឱ្យរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយក្រសួង-ស្ថាប័នសាមី ត្រូវរៀបចំ SOP របស់ខ្លួន ដោយយោងតាម SOP របស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) ព្រមទាំងរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ សេចក្តីប្រកាសរួម និងគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់តួនាទី ភារកិច្ច និងនីតិវិធីច្បាស់លាស់ សម្រាប់ការឆ្លើយតប និងចាត់វិធានការឱ្យបានមានប្រសិទ្ធភាព និងទាន់ពេលវេលា។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែសីហា ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.) បានទទួលការអនុញ្ញាត ចូលជួបសម្ដែងការគួរសម រាយការណ៍អំពីវឌ្ឍនភាពការងារ ឆ្នាំ២០២៥ ផែនការសកម្មភាពឆ្នាំ២០២៦ និងទទួលយកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ជាអនុសាសន៍សំខាន់ក្នុងកិច្ចប្រជុំនោះ, សម្តេចតេជោ បានអំពាវនាវឱ្យបញ្ឈប់ការជេរប្រមាថ និងហែកហួរគ្នាតាមបណ្តាញសង្គម ដែលជាការធ្វើឱ្យសីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ មានការធ្លាក់ចុះ។ ជាមួយគ្នានោះ
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យបន្តការលើកកម្ពស់សមភាពយេនឌ័រ ដោយថា ការលើកកម្ពស់សមភាពយេនឌ័រ មិនមែនត្រឹមតែជាការផ្តល់ឱកាសពិសេសដល់ស្ត្រីទេ ប៉ុន្តែជាការផ្តល់ឱកាសដូចគ្នា ដើម្បីឱ្យស្ត្រីអាចបញ្ចេញសមត្ថភាព និងចូលរួមដឹកនាំការអភិវឌ្ឍជាតិ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ