នាយកសាកលវិទ្យាល័យការបរទេសចិន ជម្រាបជូបសម្ដេចតេជោ ពីគោលដៅរៀបចំ “ កិច្ចសន្ទនាការទូតក្រោយ ” ដែលជាកិច្ចសន្ទនាមួយដ៏សំខាន់សម្រាប់ផ្លាស់ប្ដូរយោបល់ ពិសេសគឺការគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) បានកោតសរសើរពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និង បានជម្រាបជូបសម្ដេចតេជោពីគោលដៅរៀបចំ “កិច្ចសន្ទនាការទូតក្រោយ Track II Diplomacy “។
មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) និងសហការីនាពេលនេះ គឺជាផ្នែកមួយចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្ដភាពដែកថែបរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។
ឱកាសជំនួប លោក សាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) បានកោតសរសើរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាដែលមានការ ប្រែប្រួលយ៉ាងឆាប់រហ័ស ហើយលោកបានលើកឡើងថា ការរីកចម្រើននេះស្ថិតក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ដ្រី និងបន្ដមកសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នាបេលបច្ចុប្បន្ន។
ស្របជាមួយគ្នានេះលោកក៏បានកោតរសសើរពីស្ថានភាព សន្ដិភាព ស្ថិរភាព ដែលជាកត្ដាសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកសាស្ដ្រាចារ្យ បានជម្រាបជូបសម្ដេចតេជោបន្ដថា ដំណើរទស្សនកិច្ចនេះគឺក្នុងគោលដៅរៀបចំ “កិច្ចសន្ទនាការទូតក្រោយ Track II Diplomacy “ ដែលជាកិច្ចសន្ទនាមួយដ៏សំខាន់សម្រាប់ផ្លាស់ប្ដូរយោបល់ ពិសេសគឺការគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្ដិវិធី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ពិសេសការមើលឃើញដោយផ្ទាល់ភ្នែកពីការអភិវឌ្ឍប្រទេសកម្ពុជា ស្របជាមួយគ្នានេះសម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន នាពេលបច្ចប្បន្នដែលជាទំនាក់ទំនងដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ សហគមវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ហើយដណើរទស្សចកិច្ចនេះដែរក៏បានរួមចំណែករឹតចំណងមិត្ដភាពប្រទេសទាំងពីរឲ្យកាន់តែសំបូរបែប ទាំងក្របខណ្ឌការទូត និងការអប់រំ ជាដើម។
បន្ថែមពីនេះសម្ដេចតេជោ ក៏បានអរគុណចំពោះតួនាទីរបស់លោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ដែលបានរៀបចំនូវកិច្ចសន្ទនាការទូតក្រោយ ដែលសម្ដេចតេជោ ចាត់ទុកកិច្ចសន្ទនានេះ រួមចំណែកយ៉ាងធំជុំវិញការចូលរួមរបស់ចិនគាំទ្រក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដោយសន្ដិវិធី៕
អត្ថបទ ៖ ឈឹម ធីតា
រូបភាព ៖ ង៉ាន់ សំណាង