ព័ត៌មានជាតិ

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
សេចក្តីព្រាងច្បាប់នេះ ធ្វើវិសោធនកម្មលើមាត្រាចំនួន៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ រួមមាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។
ការធ្វើវិសោធនកម្មនេះ មានគោលបំណងឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ វិសោធនកម្មនេះ ក៏ជាតម្រូវការចាំបាច់ ដើម្បីធានាឱ្យការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាន់តែមានឯកភាព ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ វិសោធនកម្មច្បាប់ខាងលើ មានគោលបំណងសំខាន់ក្នុងការធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របទៅនឹងលទ្ធផលនៃការបោះឆ្នោត ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លើសពីនេះ ការធ្វើវិសោធនកម្មនេះ ក៏មានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។
ក្រោយពីបានពិភាក្សាតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាឯកច្ឆន្ទ ដោយសំឡេងគាំទ្ររបស់សមាជិករដ្ឋសភាដែលបានចូលរួមប្រជុំ៕