កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ៩៤៧ លានដុល្លារ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦នេះ
ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហគមន៍ធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូម៉ាឡេស៊ី និងថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា MATRADE និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើម និងសហការរៀបចំវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូផ្គងធុរកិច្ចដ៏មានសារៈសំខាន់នេះ ដែលនឹងរួមចំណែកបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស្រី ចម និម្មល បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី សម្រេចបានប្រមាណ ១,០៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ២៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥ លានដុល្លារអាម៉េរិក។ តួលេខនេះបានបង្ហាញថា ប្រទេសទាំងពីរសម្រេចបាន និងលើសគោលដៅទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារអាម៉េរិក ដែលបានប្តេជ្ញារួមគ្នាកន្លងមក។
ដោយឡែក ក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ប្រមាណ ៩៤៧ លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះ ឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងបានអំពាវនាវឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ មិនត្រឹមតែផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការវិនិយោគ ការចាប់ដៃគូអាជីវកម្ម ការផ្ទេរបច្ចេកវិទ្យា ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ។
ក្នុងន័យនេះ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ធុរជនម៉ាឡេស៊ី ឱ្យស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មថ្មីៗនៅកម្ពុជា ក្នុងវិស័យដែលមានសក្តានុពល ដូចជា ទំនិញប្រើប្រាស់ទូទៅ កសិផលកែច្នៃ សុខាភិបាល ថាមពលបៃតង សេវាឌីជីថល ភស្តុភារកម្ម និងវិស័យហាឡាល។
លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជននៃប្រទេសទាំងពីរ ឱ្យរួមគ្នាប្រែក្លាយ «ការចូលដល់ទីផ្សារ ទៅជាវត្តមាននៅក្នុងទីផ្សារ» និង «ទំនាក់ទំនងធុរកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្ម» ដើម្បីរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់កម្ពុជា និងម៉ាឡេស៊ី។
ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត Shaharuddin បានគូសបញ្ជាក់ថា ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
លោកបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ត្រូវបានកសាងឡើងដោយផ្អែកលើការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងចក្ខុវិស័យរួមសម្រាប់វិបុលភាព។ ក្នុងរយៈពេលកន្លងមក ភាពជាដៃគូរវាងប្រទេសទាំងពីរ បានពង្រីកលើសពីទំនាក់ទំនងរដ្ឋាភិបាលជាមួយរដ្ឋាភិបាល ដោយរួមបញ្ចូលកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងវិស័យធុរកិច្ច និងវិស័យឯកជន។
លោក Shaharuddin បានបញ្ជាក់ថា ក្រុមហ៊ុនម៉ាឡេស៊ីមានវត្តមានយ៉ាងទូលំទូលាយនៅកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន វាយនភណ្ឌ ឧស្សាហកម្ម ផលិតកម្ម សេវាកម្ម ធនាគារ ធានារ៉ាប់រង ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ អាកាសចរណ៍ បដិសណ្ឋារកិច្ច និងអប់រំ។
ដោយឡែក លោក Dato’ Seri Reezal Merican Naina Merican បានបញ្ជាក់ថា កម្ពុជា នៅតែជាទីផ្សារដ៏សំខាន់សម្រាប់អ្នកនាំចេញម៉ាឡេស៊ី ដោយសារកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាដែលកំពុងកើនឡើង។
បេសកកម្មពន្លឿនការនាំចេញមកកាន់កម្ពុជា ត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារ និងបណ្តាញយុទ្ធសាស្ត្រដល់សហគ្រាសម៉ាឡេស៊ី ក្នុងការពង្រីកអាជីវកម្ម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សិក្ខាសាលា និងជំនួបផ្គូផ្គងធុរកិច្ចនេះ មានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមានមន្ត្រី តំណាងពាណិជ្ជកម្ម និងអ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម និងធុរកិច្ច៕