សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អាចារ្យ-អាចារិនីទូទាំងប្រទេស សូមបន្តបេសកកម្មរបស់ខ្លួនដោយប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី
……………………….
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់អាចារ្យ អាចារិនីទូទាំងប្រទេស សូមបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវ សីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ និងសូមបន្តចូលរួមថែរក្សា ការពារ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជា ប្រកបដោយ សាមគ្គីភាព សុខដុមរមនា និងវិបុលភាព ។ ការលើកទឹកចិត្តនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១១ នាព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចធិបតីក៏បានថ្លែងកោតសរសើរ និង ថ្លែងអំណរគុណចំពោះអាចារ្យអាចារិនីទាំងអស់នៅទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ដ៏ល្អផូរផង់ របស់ជនជាតិខ្មែរ ។
សម្តេចធិបតីក៏បានសូមវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និង សាសនា ដែលបានខិតខំបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ សម្របសម្រួល និង ជំរុញការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និង ថែរក្សាសុខដុម ជំនឿសាសនានៅកម្ពុជា ជាពិសេស ការដាក់ចេញនូវប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុង យុគសម័យឌីជីថល» ដើម្បីជំរុញការប្រើប្រាស់បណ្តាញសង្គម សម្រាប់ការរៀន ការបង្រៀន និង ការផ្សព្វផ្សាយព្រះធម៌ ៕