ព័ត៌មានជាតិ

រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី២០ ខែសីហា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់

image

ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់។
ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។
ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី២០ ខែសីហា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយលោក កែប ជុតិមា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយលោក អង្គ វង្សវឌ្ឍានា បានជួបប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្នុងកិច្ចប្រជុំនោះ លោក សក់ សេដ្ឋា បានលើកឡើងថា ក្នុងរយៈពេលជាង ២៥ឆ្នាំកន្លងមក ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ការអនុវត្តជាក់ស្តែងក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យមានការកែលម្អបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ-សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។
លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានគោលបំណងកែប្រែប្រព័ន្ធបោះឆ្នោត ឬរូបមន្តបែងចែកអាសនៈដែលមានចែងក្នុងច្បាប់ជាធរមានឡើយ។
ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកែលម្អការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាលនៅមូលដ្ឋាន។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាព និងឯកភាពក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងស្ថិរភាព និងនិរន្តរភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន បង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរដ្ឋបាលឃុំ-សង្កាត់ ក្នុងការឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា។ មាត្រាទី១ ចែងអំពីការធ្វើវិសោធនកម្ម ដោយកែប្រែមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ រួមមាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨។ ចំណែកមាត្រាទី២ ចែងអំពីការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ចាប់ពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៦ តទៅ៕
អត្ថបទ៖ វង សុភ័ក្ត្រ