ព័ត៌មានជាតិ

រាជបណ្ឌិតសភាកម្ពុជា សរសើរពីភាពជឿនលឿននៃបច្ចេវិទ្យាកសិកម្មរបស់ចិន និងប្តេជ្ញាចិត្តក្នុងការសហប្រតិបត្តិការស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយដល់កសិករឱ្យទទួលបានទាំងទិន្នផលខ្ពស់ និងមានភាពបៃតង

image

តាកែវ៖ បន្ទាប់ពីលទ្ធផលនៃការធ្វើការសិក្សាស្រាវជ្រាវទៅលើជំងឺ “បាក់តេរីស្លឹកស្រូវ” និងជំងឺ “ឆ្នូតបាក់តេរីស្លឹកស្រូវ” របស់ប្រជាកសិករនៅ ខេត្តបាត់ដំបង និងខេត្តតាកែវ ទទួលបានជោគជ័យ ដោយអ្នកជំនាញស្រាវជ្រាវផ្នែកកសិកម្មមកពីសាកលវិទ្យាល័យ គួយចូវ (Guizhou) ប្រទេសចិន បានប្រើសាធាតុគីមី ឈ្មោះ Fungabit និង Vermora សម្រាប់ព្យាបាលជំងឺទាំងពីរប្រភេទនេះមានប្រសិទ្ធភាពខ្ពស់រួចមក រាជបណ្ឌិតសភាកម្ពុជា បានសរសើរពីភាពជឿនលឿននៃបច្ចេវិទ្យាកសិកម្មរបស់ចិន និងប្តេជ្ញាចិត្តក្នុងការបន្តសហប្រតិបត្តិការស្រាវជ្រាវលើវិស័យកសិកម្មនៅកម្ពុជា ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានទាំងទិន្នផលខ្ពស់ ទាំងភាពបៃតង។

លោក ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាន និងការអនុវត្តលើវិស័យកសិកម្ម នៃវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម (IBMA) នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីបានចុះពិនិត្យលទ្ធផលនៃការសិក្សាស្រាវជ្រាវលើការព្យាបាលជំងឺដំណាំស្រូវរបស់ពលរដ្ឋនៅខេត្តតាកែវដោយផ្ទាល់រួចមក លោកបានសរសើរ និងពេញចិត្តចំពោះអ្នកជំនាញផ្នែកកសិកម្មមកពីសាកលវិទ្យាល័យ គួយចូវ។

លោក ម៉ម សារិត បានបញ្ចាក់ថា នៅកម្ពុជាមានស្ថាប័នស្រាវជ្រាវរបស់ជាតិ គឺរាជបណ្ឌិត្យសភាកម្ពុជា ដែលតែងតែមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងស្រាវជ្រាវនានាជាមួយស្ថាប័នជាតិ និងអន្តរជាតិ។ ជាក់ស្តែងនៅពេលនេះ រាជបណ្ឌិតសភាកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយអ្នកស្រាវជ្រាវផ្នែកកសិកម្មមកពីសាកលវិទ្យាល័យ គួយចូវ ដើម្បីជួយដល់កសិករកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានការព្រួយបារម្ភអំពីការនាំចូលជីគីមី និងថ្នាំកសិកម្ម ដោយមិនមានការសិក្សាឱ្យបានត្រឹមត្រូវ ដែលនាំឱ្យមានការប៉ះពាល់ដល់គុណភាពកសិផល អ្នកប្រើប្រាស់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។

លោក ម៉ម សារិត បានលើកឡើងយ៉ាងដូច្នេះថា៖ “យើងមានស្ថាប័នស្រាវជ្រាវរបស់ជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏អរគុណដល់ថ្នាក់ដឹកនាំគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលលោកបានផ្តល់ឱកាសឱ្យពួកយើងចុះមកធ្វើកិច្ចការផ្ទាល់ជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យគួយចូវ។ ជាចក្ខុវិស័យរបស់លោកតែងតែចំណាយពេលវេលាធ្វើកិច្ចការផ្ទាល់ជាមួយកសិករ។ លោកមិនត្រឹមតែនិយាយនោះទេ គឺលោកចុះធ្វើផ្ទាល់តែម្តង។ កាលណាផលិតផលមានគុណភាព ប្រជាជនញ៉ាំទៅមានសុខភាពល្អ និងមាំមួន មិនបាច់ចំណាយថវិកាច្រើនលើការថែទាំសុខភាពឡើយ”។

អ្នកជំនាញកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជារូបេះ ក៏បានឱ្យដឹងដែរថា កន្លងមក រាជបណ្ឌិតសភាកម្ពុជា បានសំណូមពរឱ្យអ្នកដែលផ្តល់ការប្រឹក្សាទៅដល់កសិករអំពីការប្រើប្រាស់ថ្នាំគីមី ត្រូវប្រុងប្រយ័ត្ន ជាពិសេសថ្នាំគីមីដែលហួសកម្រិត ឬហួសកាលបរិច្ឆេទប្រើប្រាស់។ ដូចគ្នាដែរកាលណាកសិករមិនបានជួបពិភាក្សាជាមួយអ្នកជំនាញពិតប្រាកដ វានឹងប៉ះពាល់ដល់គុណភាពដំណាំ និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៀតផង។ ការស្រាវជ្រាវ គឺជារឿងមួយដ៏សំខាន់ណាស់ ដើម្បីឱ្យផលិតផលរបស់យើងមាននិរន្តរភាព។

ជាមួយគ្នានេះ លោកស្រីសាស្ត្រាចារ្យ Luo Hui នៃសាកលវិទ្យាល័យ គួយចូវ បានឲ្យដឹងដែរថា ក្នុងនាមអ្នកជំនាញសិក្សាស្រាវជ្រាវ លោកស្រីបានផ្ទេរបច្ចេកទេសបាញ់ថ្នាំបែបវិទ្យាសាស្ត្រ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីរបៀបប្រើប្រាស់ថ្នាំឱ្យចំគោលដៅ បច្ចេកទេស និងកម្រិតស្តង់ដារ ចៀសវាងការខ្ជះខ្ជាយ និងការប៉ះពាល់ដល់បរិស្ថាន។ ម្យ៉ាងវិញទៀតវាជួយសន្សំសំចៃពេលវេលា កម្លាំងពលកម្ម និងធានាថា ការប្រើប្រាស់ថ្នាំគ្របដណ្តប់បានសព្វល្អលើផ្ទៃដីស្រូវ។

លោកស្រីបន្តថា ការស្វែងយល់ពីរបៀបរស់នៅរបស់សត្វល្អិត តាមរយៈការអប់រំកសិករឱ្យស្គាល់ពីប្រភេទសត្វល្អិតបំផ្លាញស្រូវ និងពេលវេលាសមស្របបំផុតក្នុងការបាញ់ថ្នាំការពារមុនពេលសត្វល្អិតបង្កការខូចខាតធ្ងន់ធ្ងរ។ លោកស្រីថា ដើម្បីទទួលបានទិន្នផលស្រូវខ្ពស់ គុណភាពល្អ ព្រមទាំងធានាសុវត្ថិភាពដល់អ្នកបាញ់ និងអ្នកប្រើប្រាស់ ត្រូវកាត់បន្ថយសារធាតុគីមី ដែលវានឹងបន្សល់ទុកនៅក្រោយពេលប្រើប្រាស់។ ចំពោះបញ្ហាមេរោគផ្សិតនៅលើដើមស្រូវ ត្រូវធ្វើការស្រាវជ្រាវចេញជាថ្នាំប្រភេទថ្មីមួយ នៅពេលដែលបានធ្វើការស្រាវជ្រាវចេញមកហើយ ក៏យកទៅធ្វើការពិសោធន៍ ហើយឃើញថាមានប្រសិទ្ធភាពល្អ ដូចកសិករបានឃើញជាក់ស្តែង។ ដូច្នេះគាត់សង្ឃឹមថា អ្វីដែលគាត់យកមកលើកនេះ អាចជួយដល់កសិករខ្មែរ ដែលគាត់អាចប្រើប្រាស់ទៅលើបច្ចេកវិទ្យាកសិកម្មថ្មី ដើម្បីបង្កើនទិន្នផល ក៏ដូចជាគុណភាពស្រូវ។

ទាក់ទងនឹងបញ្ហាជំងឺដំណាំស្រូវ និងបច្ចេកវិទ្យាព្យាបាលរបស់អ្នកបច្ចេកទេសរបស់ចិននេះ ប្រជាកសិកររស់នៅភូមិដក់ពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ សុទ្ធតែបានអះអាងថា បច្ចេកទេសកសិកម្មរបស់ចិនមានប្រសិទ្ធភាពខ្ពស់ទទួលបានលទ្ធផលល្អ។ ពួកគាត់បានសម្តែងនូវក្តីរីករាយ ដែលរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ គួយចូវ ចំពោះការផ្តល់បច្ចេកទេស និងថ្នាំកសិកម្មដល់ពួកគាត់ ព្រមទាំងចុះជួយបង្ហាត់បង្រៀនដល់ពួកគាត់ពីបច្ចេកទេសបាញ់ថ្នាំ និងការថែទាំដំណាស្រូវ ដើម្បីទទួលបានគុណភាព និងទិន្នផលខ្ពស់ ផងដែរ។ កន្លងមកពលរដ្ឋអះអាងថា ពួកគាត់ចេះតែប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មតាមគ្នា ដោយមិនមានការសិក្សាឱ្យបានត្រឹមត្រូវ និងមិនទទួលបានទិន្នផល ខាតថវិការ ពេលវេលា និងប៉ះពាល់ដល់បរិស្ថានថែមទៀត។

សូមបញ្ជាក់ថា ការបន្តកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ គួយចូវ បានធ្វើការពិសោធទៅលើថ្នាំគីមីសរីរាង្គ ក្នុងការកម្ចាត់សត្វល្អិត និងជំងឺដំណាំកសិកម្មនៅកម្ពុជា និងធ្វើយ៉ាងណាឱ្យកសិកម្មកម្ពុជា គឺជាកសិម្មបៃតង។ ម្យ៉ាងវិញទៀត ជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ឱ្យឈានទៅរកភាពទំនើបកម្ម ធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលជូនដល់កសិករ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិ៕