កម្ពុជា និងទីម័រឡេស្តេ ចែករំលែកបទពិសោធន៍លើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល Verify.gov ក្នុងគោលដៅរួមគ្នាកសាងសមត្ថភាពបច្ចេកវិទ្យា សំដៅជំរុញបរិវត្តកម្មឌីជីថល និងការកសាងរដ្ឋាភិបាលឌីជីថល
ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល Verify.gov ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពបច្ចេកវិទ្យារួមគ្នា សំដៅជំរុញបរិវត្តកម្មឌីជីថល និងការកសាងរដ្ឋាភិបាលឌីជីថល។
សិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov ៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា» បានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហានេះ ក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល វិស័យឯកជន និងគណៈប្រតិភូទីម័រឡេស្តេ ដឹកនាំដោយលោក Agustinus Bruno Halle នាយកខុទ្ទកាល័យទទួលបន្ទុកផ្នែកឌីជីថលូបនីយកម្ម និងសន្តិសុខសាយប័រ នៃក្រសួងដឹកជញ្ជូន និងសារគមនាគមន៍។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យក «បច្ចេកវិទ្យា» ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពថ្មីមួយបន្ថែមលើអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងជំរុញបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្នុងន័យនេះ ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ត្រូវបានអនុវត្តស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដោយមានគោលដៅផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព ភាពជឿទុកចិត្ត និងតម្លាភាព។
ថ្នាល Verify.gov.kh ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារបច្ចេកទេសជាកូនខ្មែរ ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងបំពាក់ QR Code ស្តង់ដារ ត្រូវបានបង្កើតឡើងដើម្បីចូលរួមដោះស្រាយបញ្ហាក្លែងបន្លំឯកសារ និងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្លូវការ។
ថ្នាលនេះ បានចាប់ផ្តើមប្រើប្រាស់លើឯកសារសញ្ញាបត្រ និងវិញ្ញាបនបត្រក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល រួមមានវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រឧត្តមសិក្សារបស់គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ព្រមទាំងវិញ្ញាបនបត្រឯកទេសនានា។ការប្រើប្រាស់ Verify.gov.kh បានជួយឱ្យសិស្ស និស្សិត និងប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារឌីជីថលជាផ្លូវការ ដោយកាត់បន្ថយតម្រូវការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងជាក្រដាស ហើយអាចផ្ទៀងផ្ទាត់ឯកសារបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។
ដោយមើលឃើញពីអត្ថប្រយោជន៍របស់ថ្នាលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការប្រើប្រាស់ Verify.gov.kh កាន់តែទូលំទូលាយនៅតាមក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលនេះមិនត្រឹមតែជាការផ្លាស់ប្តូរពីការប្រើប្រាស់ឯកសារក្រដាសទៅជាទម្រង់ឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត «បណ្តាញទំនុកចិត្តឌីជីថល» ដ៏រឹងមាំមួយនៅកម្ពុជា។ ឯកសារសាធារណៈដែលមាន QR Code ស្តង់ដារ អាចរក្សាទុកជាទ្រព្យសម្បត្តិឌីជីថលក្នុងកាបូបឌីជីថលរបស់ថ្នាល Verify និងអាចប្រើប្រាស់ជាផ្លូវការបានយ៉ាងទូលំទូលាយ។
ជាមួយគ្នានេះ ថ្នាល Verify.gov.kh ត្រូវបានអភិវឌ្ឍ និងធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដោយបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា ពង្រឹងភាពបត់បែន និងសន្តិសុខសាយប័រ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
ថ្នាលនេះក៏ត្រូវបានទទួលស្គាល់ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលទី៤ (4th DPI) នៅលើពិភពលោក និងទទួលបានការកោតសរសើរ ព្រមទាំងពានរង្វាន់អន្តរជាតិជាបន្តបន្ទាប់។ ជាក់ស្តែង ថ្មីៗនេះ Verify.gov.kh បានឈ្នះ ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ក្នុងផ្នែកសេវាសាធារណៈដែលមានតម្លាភាព និងគណនេយ្យភាព ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ និងជាកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ដោយឡែក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយទីម័រឡេស្តេ,កម្ពុជា និងទីម័រឡេស្តេបានសម្រេចជោគជ័យក្នុងដំណាក់កាលទី១ នៃការអភិវឌ្ឍ ផតថលជាតិ Verify.gov.tl សម្រាប់ប្រទេសទីម័រឡេស្តេ និងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ ដើម្បីអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ។ សមិទ្ធផលនេះបានផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទីម័រឡេស្តេ ក្នុងការផ្ទៀងផ្ទាត់បណ្ណបើកបរបានយ៉ាងឆាប់រហ័ស តាមរយៈប្រព័ន្ធឌីជីថល។
សម្រាប់កម្ពុជា បណ្ណបើកបរក៏ត្រូវបានបំពាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាម Verify.gov.kh ហើយប្រជាពលរដ្ឋអាចរក្សាទុក និងប្រើប្រាស់បណ្ណបើកបរក្នុងទម្រង់ឌីជីថលបានជាផ្លូវការ តាមរយៈកម្មវិធី DG SuperApp ដោយចូលប្រើតាមថ្នាល DGConnect ហើយដំណើរការស្នើសុំចំណាយពេលតិចជាង ១នាទី។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការរក្សាទុកឯកសារសំខាន់ៗរបស់ប្រជាពលរដ្ឋជាទម្រង់ឌីជីថលក្នុង Personal Wallet របស់ DG SuperApp ព្រមទាំងបន្តចែករំលែកបទពិសោធន៍ជាមួយទីម័រឡេស្តេ។
ក្រៅពីទីម័រឡេស្តេ កម្ពុជាក៏កំពុងមានកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov (http://Verify.gov/) ជាមួយប្រទេសមួយចំនួនទៀត រួមមាន បង់ក្លាដែស ហ្សកហ្ស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន និងឡាវ ដែលបង្ហាញពីការរីកចម្រើន និងការទទួលស្គាល់កាន់តែទូលំទូលាយនៃដំណោះស្រាយឌីជីថលដែលបង្កើតឡើងដោយកម្ពុជា៕