រាជបណ្ឌិតសភាកម្ពុជា សហការជាមួយអ្នកជំនាញស្រាវជ្រាវផ្នែកកសិកម្មរបស់ចិន ដើម្បីឱ្យវិស័យកសិកម្មនៅកម្ពុជាមានភាពបៃតង ខណៈកំពុងមានការព្រួយបារម្ភខ្លាំងលើការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្ម នាពេលបច្ចុប្បន្ន
ភ្នំពេញ៖ ដោយមើលឃើញថាវិស័យកសិកម្មនៅប្រទេសកម្ពុជានៅមានភាពទន់ខ្សោយនៅឡើយ ជាពិសេសលើការស្រាវជ្រាវ និងការពិសោធន៍ ខណៈកសិករប្រើប្រាស់ជីគីមី និងថ្នាំសម្រាប់វិស័យកសិកម្ម ដែលនាំចូលមកពីប្រទេសជិតខាង បាននិងកំពុងប្រើប្រាស់ដោយមិនបានធ្វើការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានត្រឹត្រូវ។ ការណ៍នេះ ធ្វើឱ្យប៉ះពាល់ដល់គុណភាពកសិផល អ្នកប្រើប្រាស់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងបញ្ហានេះ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម (IBMA) នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញស្រាវជ្រាវផ្នែកកសិកម្មមកពីសាកលវិទ្យាល័យ គួយចូវ (Guizhou) ប្រទេសចិន លើការស្រាវជ្រាវ និងការអប់រំ ដើម្បីឱ្យវិស័យកសិកម្មនៅកម្ពុជាក្លាយជាកសិកម្មបៃតង។
នៅក្នុងបទបង្ហាញស្តីពីវិស័យកសិកម្មដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ គួយចូវ និងពិធីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នៅរាជបណ្ឌិតសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បច្ចេកវិទ្យា និងមន្ទីរពិសោធន៍ខាងវិស័យកសិកម្មកម្ពុជា មានភាពទន់ខ្សោយនៅឡើយ។ ការណ៍នេះហើយដែលនាំឱ្យកសិករកម្ពុជានាំគ្នាប្រើប្រាស់ជីគីមី និងផលិតផលថ្នាំកសិកម្មដែលបាននាំចូលមកពីប្រទេសជិតខាង ហើយកសិករបានប្រើប្រាស់តាមគ្នា ដោយមិនបានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវឱ្យបានត្រឹមត្រូវពីអ្នកជំនាញ នាំឱ្យមានការប៉ះពាល់ដល់គុណភាពកសិផល អ្នកប្រើប្រាស់ បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលជាការព្រួយបារម្ភនាពេលបច្ចុប្បន្ន។ម្យ៉ាងវិញទៀត ការនាំចូលជីគីមី និងថ្នាំកសិកម្មមួយចំនួនមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងមានភាពមិនប្រក្រតីថែមទៀត។
លោក យង់ ពៅ បានបញ្ជាក់ថា ដោយមើលឃើញពីកត្តាគ្រោះថ្នាក់នៅក្នុងវិស័យកសិកម្មកម្ពុជានាពេលបច្ចុប្បន្ននេះ ក្នុងនាមលោកជាអ្នកស្រាវជ្រាវ បានមើលឃើញពីភាពជឿនលឿនខាងបច្ចេកវិទ្យាកសិកម្មរបស់ប្រទេសចិន ពិសេសផ្នែកសិកម្មបៃតង តាមរយៈកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម (IBMA) នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយអ្នកជំនាញស្រាវជ្រាវផ្នែកកសិកម្មមកពីសាកលវិទ្យាល័យ គួយចូវ (Guizhou) លោកសង្ឈឹមថា វិស័យកសកម្មកម្ពុជានឹងរីកម្រើនវិជ្ជមានប្រសើរឡើងវិញ និងមានភាពបៃតង។
នៅក្នុងពីធីកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិតសភាគម្ពុជា និងអ្នកជំនាញកសិកម្មមកពីសាកលវិទ្យាល័យ គួយចូវ ភាគីចិនចង់ធ្វើការស្រាវជ្រាវរួមគ្នាទៅលើវិស័យកសិកម្មនៅកម្ពុជា។ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវកន្លងមក ដោយក្រុមការងាររបស់ លោកសាស្ត្រាចារ្យ Song BaoAn សមាជិកបណ្ឌិតសភាវិស្វកម្មចិន និងជាអ្នកវិទ្យាសាស្ត្រយុទ្ធសាស្ត្រឈានមុខរបស់ប្រទេសចិនក្នុងវិស័យកសិកម្ម បានរកឃើញថា បញ្ហាដំណាំកសិកម្មនៅកម្ពុជា ពិសេសទៅលើដំណាំស្រូវនាពេលកន្លងមក មានជំងឺ “បាក់តេរីស្លឹកស្រូវ” និងជំងឺ “ឆ្នូតបាក់តេរីស្លឹកស្រូវ”។
ពាក់ព័ន្ធនឹងជំងឺដំណាំស្រូវទាំងពីរប្រភេទនេះអ្នកជំនាញបានស្រាវជ្រាវរកឃើញសារធាតុគីមីម្យ៉ាងសម្រាប់ធ្វើព្យាបាល ដែលមានឈ្មោះ Fungabit និង Vermora ហើយក៏បានយកមកធ្វើការពិសោធន៍ទៅលើដំណាំស្រូវរបស់កសិករនៅខេត្តបាត់ដំបង និងខេត្តតាកែវ បានមួយចំនួនរួចហើយដែរ ឃើញថាទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ អាចកំចាត់ជំងឺបានរហូតដល់៩០%។ ទន្ទឹមនេះក៏នឹងធ្វើការពិសោធន៍ឱ្យបានច្រើនបន្ថែមទៀតផងដែរទៅលើដំណាំស្រូវនៅទូទាំងប្រទេស ដើម្បីជួយដល់កសិករកម្ពុជា។ សារធាតុគីមីទាំងពីរប្រភេទនេះ បន្ទាប់ពីធ្វើការពិសោធន៍នៅលើវាលស្រែកសិករដោយផ្ទាល់ទទួលបានជោគជ័យហើយនោះ ក៏មានការទទួលស្គាល់ពីក្រសួងកសិម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផងដែរ ទៅលើប្រសិទ្ធភាព ការមិនប៉ះពាល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ។
ចំពោះការសិក្សាស្រាវជ្រាវនេះ រាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគួពាក់ព័ន្ធ ជាជំហានដ៏សំខាន់ក្នុងការជំរុញកសិកម្មបៃតង និងចីរភាព។ ការអនុវត្តសារធាតុគីមីសរីរាង្គថ្មី (Fungabit, Vermora និង Lvjunhuanzhi) លើពូជស្រូវ OM 5411 និង MO85 បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះរាជបណ្ឌិតសភាកម្ពុជា សន្យាខិតខំពង្រីកការពិសោធន៍លើផ្ទៃដីជាក់ស្តែង វាយតម្លៃសុវត្ថិភាពបរិស្ថាន និងធ្វើការផ្ទេរបច្ចេកវិទ្យានេះជូនដល់កសិករ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិ៕