សង្គម

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា នាំយកថវិកាបរិច្ចាគសរុបចំនួន ១,០៤៤,១០០ដុល្លារ ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា នាំយកថវិកាបរិច្ចាគសរុបចំនួន ១,០៤៤,១០០ដុល្លារអាម៉េរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រដល់បេសកកម្មមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះនៅទូទាំងប្រទេស។

ពិធីប្រគល់-ទទួលថវិកាបរិច្ចាគនេះ បានធ្វើឡើងនាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ការបរិច្ចាគនេះ ធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី១៦៣ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលជាការអំពាវនាវឱ្យគ្រប់ភាគីក្នុងសង្គម រួមទាំងវិស័យឯកជន បន្តចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងការជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់អនុប្រធាន សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សប្បុរសជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា អ្នកឧកញ៉ាពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នាំយកថវិកាភាគទានរបស់សមាជិក និងសហគមន៍ធុរកិច្ច មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកក្នុងបេសកកម្មមនុស្សធម៌របស់ស្ថាប័ននេះ។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគនេះ មិនត្រឹមតែជាការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពី ស្មារតីសាមគ្គីភាព សេចក្តីអាណិតស្រឡាញ់ និងការទទួលខុសត្រូវសង្គមរបស់វិស័យឯកជន ចំពោះសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។

អ្នកឧកញ៉ា បានបន្តថា សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាតំណាងរបស់វិស័យឯកជន នឹងបន្តលើកទឹកចិត្ត និងកៀរគរសមាជិក សហគ្រាស និងសប្បុរសជន ឱ្យចូលរួមក្នុងសកម្មភាពសង្គម និងមនុស្សធម៌នានា។ ជាក់ស្តែង សមាជិកសភាពាណិជ្ជកម្មកម្ពុជា ក៏បានចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានប្តេជ្ញាថា នៅឆ្នាំបន្តបន្ទាប់ សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តកៀរគរថវិកាពីសមាជិក និងសហគមន៍ធុរកិច្ច ដើម្បីចូលរួមគាំទ្រកាកបាទក្រហមកម្ពុជា ឱ្យបានកាន់តែច្រើនឡើង ដើម្បីពង្រឹងការចូលរួមរបស់វិស័យឯកជនក្នុងការងារមនុស្សធម៌។

អ្នកឧកញ៉ា បានបន្ថែមថា កម្លាំងរបស់សភាពាណិជ្ជកម្មកម្ពុជា មិនស្ថិតត្រឹមតែការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើប្រាស់បណ្តាញទំនាក់ទំនង និងសមត្ថភាពរបស់ខ្លួន ដើម្បីកៀរគរការគាំទ្រជារួមសម្រាប់ការអភិវឌ្ឍសង្គម និងសកម្មភាពមនុស្សធម៌ផងដែរ។

បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា បានបង្កើតសភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន ១៩ និងមានផែនការពង្រីកឱ្យគ្របដណ្តប់ទូទាំងប្រទេស។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏មានការិយាល័យតំណាងនៅក្រៅប្រទេសចំនួន ៨ កន្លែង រួមមាននៅប្រទេសជប៉ុន កាណាដា សហរដ្ឋអាម៉េរិក អូស្ត្រាលី និងនូវែលសេឡង់។

តាមរយៈបណ្តាញទំនាក់ទំនងទាំងក្នុងប្រទេស និងអន្តរជាតិ សភាពាណិជ្ជកម្មកម្ពុជា អាចដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងវិស័យឯកជន លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកៀរគរការចូលរួមពីសហគមន៍ធុរកិច្ច សម្រាប់គម្រោងអភិវឌ្ឍជាតិ និងសកម្មភាពសង្គម-មនុស្សធម៌។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា។

លោកជំទាវបណ្ឌិត បានលើកឡើងថា ការចូលរួមចំណែកជាបន្តបន្ទាប់របស់វិស័យឯកជន គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តដល់សមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ឱ្យបន្តចូលរួមក្នុងគំនិតផ្តួចផ្តើមសង្គម និងមនុស្សធម៌នានា ដែលអាចរួមចំណែកលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

សូមជម្រាបថា ការបរិច្ចាគថវិកាចំនួន ១,០៤៤,១០០ដុល្លារអាម៉េរិក នៅពេលនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញជាក់ស្តែងពីការរួមចំណែករបស់សហគមន៍ធុរកិច្ចកម្ពុជា ក្នុងការចែករំលែកទំនួលខុសត្រូវជាមួយសង្គម និងការបន្តកសាងវប្បធម៌នៃការចែករំលែក និងស្មារតីមនុស្សធម៌នៅក្នុងសង្គមកម្ពុជា៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម និងអ៊ុន ផាន់ណាត់